ភ្នំពេញៈ ជនជាតិវៀតណាមជិត១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាប និងឃាត់ខ្លួន បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួច និងប្លន់ឡានពីវៀតណាមមកលាក់ទុកនៅប្រទេសកម្ពុជា ។
ប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពីនាយកឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីលោក ហឹុង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
ប្រភពបានឲ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់ទីតាំងដែលក្រុមជនសង្ស័យកំពុងស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៨ ទើបកម្លាំងចូលឡោមព័ទ្ធឃាត់ខ្លួនជនជាតិវៀតណាមជាច្រើននាក់ រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត និងស្លាកលេខរថយន្តមួយចំនួនធំ ហើយថែមទាំងដកហូតបានរថយន្តដែលនាំពីវៀតណាមចំនួនបីគ្រឿងផងដែរ។
គួរបញ្ជាក់ថា ចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនេះ ហើយក៏មិនទាន់ប្រាប់ច្បាស់ថា ជាករណីអ្វីឲ្យប្រាកដ ដោយគ្រាន់តែបង្ហើបថា សង្ស័យពាក់ព័ន្ធ និងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ ។
ក្រោយបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត ៕ តាឡឹម