ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងក្រសួងមហាផ្ទៃ ឃាត់វៀត​ណា​ម​ជិត១០នាក់ សង្ស័យលួចឡាន មកលាក់ទុកនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញៈ​ ជនជាតិវៀតណាមជិត១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបង្ក្រាប និងឃាត់ខ្លួន​ បន្ទាប់ពីសង្ស័យពាក់ព័ន្ធការលួច និងប្លន់ឡានពីវៀតណាមមកលាក់ទុកនៅប្រទេសកម្ពុជា ។

ប្រតិបត្តិការនេះអនុវត្តន៍តាមការបញ្ជាពីនាយកឧត្តមសេនីយ៍ឯក​ ង៉េង​ ជួរ​ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួង​មហាផ្ទៃ​ និងមានការសម្របសម្រួលពីលោក​ ហឹុង​ ប៊ុនថន​ ព្រះរាជអាជ្ញារង​អមសាលា​ដំបូងរាជធានីភ្នំពេញ​ ។

ប្រភពបានឲ្យដឹងថា សមត្ថកិច្ចបានស្រាវជ្រាវរហូតកំណត់ទីតាំងដែលក្រុមជន​សង្ស័យកំពុងស្នាក់នៅភូមិទ្រា១​ សង្កាត់ស្ទឹង​មានជ័យ១​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ នារសៀលថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ​ ២០១៨ ទើបកម្លាំងចូលឡោម​ព័ទ្ធ​ឃាត់​ខ្លួនជនជាតិវៀតណាមជាច្រើននាក់ រួមទាំងសម្ភារប្រើប្រាស់សម្រាប់កែច្នៃស្លាកលេខរថយន្ត​ និងស្លាកលេខរថយន្តមួយចំនួនធំ ហើយថែមទាំងដកហូតបានរថយន្តដែលនាំពីវៀត​ណាមចំនួនបីគ្រឿង​ផងដែរ។

គួរបញ្ជាក់ថា ចំពោះករណីនេះកម្លាំងសមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីអត្តសញ្ញាណជនសង្ស័យទាំងនេះ ហើយក៏មិនទាន់ប្រាប់ច្បាស់ថា ជាករណីអ្វីឲ្យប្រាកដ​ ដោយគ្រាន់តែបង្ហើបថា សង្ស័យ​ពាក់ព័ន្ធ និងករណីលួចរថយន្តពីប្រទេសវៀតណាមមកលាក់ទុកនៅស្រុកខ្មែរ​ ។ ​

ក្រោយបង្ក្រាបជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងត្រូវបានដឹកបញ្ជូនទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តការសាកសួរបន្ថែមទៀត ៕ តាឡឹម


ចែករំលែក៖