ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសាខេត្តតាកែវបានឲ្យដឹងថា មួយរយៈកាលកន្លងទៅនេះជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងអនាធិបតេយ្យ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាល ជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រជាពលរដ្ឋបានរាយការណ៍ថា ជនជាតិវៀតណាមបានចូលមកដាក់ដាយទទឹង ទន្លេ២កន្លែងក្នុងឃុំកំពង់ក្រសាំង ហើយ មន្ត្រីរដ្ឋបាលជលផលស្រុកបុរីជលសា ព្រមទាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរស្រុកបុរី ជលសា គឺជាអ្នកឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ បែរជាធ្វើមិនដឹងមិនឮអ្វីទាំង អស់ក្នុងខណៈដែលមន្ត្រីថ្នាក់ក្រោមឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងគគ្រឹកគគ្រេង។
តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានឲ្យដឹងថា ដាយ២ខ្សែដែលជនជាតិវៀតណាមដាក់កាត់ទទឹងទន្លេ២កន្លែងនោះ គឺទី១-នៅចំណុចខាងជើងស្នាក់ការរដ្ឋបាលជលផលស្រុកបុរីជលសា និងមួយកន្លែងទៀតនៅខាងមុខស្នាក់ការប៉ុស្ដិ៍ត្រួតពិនិត្យច្រកទ្វេភាគីកំពង់ក្រសាំង។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបុរីជលសា គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះការឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរដោយសារមានការឃុបឃិតបើកដៃពីសំណាក់នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ផងដែរ។ ជាពិសេសលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ មិនអាចគេចវេះពីការទទួលខុសត្រូវបានឡើយ ក្នុងខណៈដែលមន្ត្រីរដ្ឋបាលជលផលនៅស្រុកបុរីជលសា ឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន។
ថ្មីៗនេះប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ បានអំពាវនាវឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការទៅលើមន្ត្រីរដ្ឋបាលជលផល ក្នុងស្រុកបុរីជលសា ក៏ដូចជាមេរដ្ឋបាលជលផលខេត្តតាកែវជាបន្ទាន់។ ដោយហេតុថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺជនជាតិវៀតណាមមិនអាចចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា យ៉ាងរលូនដូចសព្វថ្ងៃនេះឡើយ។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរពិនិត្យមើលភាពអសកម្មរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ផងដែរព្រោះលោក អ៊ូច ភា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទឲ្យស្របតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ។
ជាក់ស្ដែងបច្ចុប្បន្នជនជាតិវៀតណាមចូលមកនេសាទខុសច្បាប់ក្នុងស្រុកបុរី ជលសា និងស្រុកអង្គរបុរី យ៉ាងគគ្រឹកគគ្រេងហើយលោក អ៊ូច ភា អភិបាលខេត្តតាកែវ សម្ងំស្ងៀមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕ ហេង សូរិយា