ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តតាកែវស្ងប់ស្ងាត់យ៉ាងស្រួលករណីជនជាតិវៀតណាមចូលមកនេសាទល្មើសច្បាប់ក្នុងដីខ្មែរ

ចែករំលែក៖

ខេត្តតាកែវ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា​ខេត្តតាកែវបានឲ្យដឹងថា មួយរយៈកាលកន្លង​ទៅនេះជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងអនាធិបតេយ្យ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាល ជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ប្រជាពលរដ្ឋបានរាយការណ៍ថា ជនជាតិ​វៀត​ណាមបានចូលមកដាក់ដាយទទឹង ទន្លេ​២កន្លែងក្នុងឃុំកំពង់ក្រសាំង ហើយ មន្ត្រីរដ្ឋបាលជលផលស្រុកបុរីជលសា ព្រមទាំងសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរស្រុកបុរី ជលសា គឺជាអ្នកឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន។ ចំណែកលោក អ៊ូច ភា អភិបាល​ខេត្តតាកែវ បែរជាធ្វើមិនដឹងមិនឮអ្វីទាំង អស់ក្នុងខណៈដែលមន្ត្រីថ្នាក់ក្រោមឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងដែនទឹកខ្មែរយ៉ាងគគ្រឹកគគ្រេង។

តាមការអះអាងរបស់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានឲ្យដឹងថា ដាយ២ខ្សែដែលជនជាតិវៀតណាមដាក់កាត់ទទឹងទន្លេ២កន្លែងនោះ គឺទី១-នៅចំណុចខាងជើងស្នាក់ការរដ្ឋបាលជលផលស្រុកបុរីជលសា និងមួយកន្លែងទៀតនៅខាងមុខស្នាក់ការប៉ុស្ដិ៍ត្រួតពិនិត្យច្រកទ្វេភាគីកំពង់ក្រសាំង។

ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបុរីជលសា គឺជាអ្នកទទួលខុសត្រូវធំជាងគេចំពោះការឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរដោយសារមានការឃុបឃិតបើកដៃពីសំណាក់នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ ផងដែរ។ ជាពិសេសលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្តតាកែវ មិនអាចគេចវេះពីការទទួលខុសត្រូវបានឡើយ ក្នុងខណៈដែលមន្ត្រីរដ្ឋបាលជលផលនៅស្រុកបុរីជលសា ឃុបឃិតឲ្យជនជាតិវៀតណាមចូលមកនេសាទក្នុងដែនទឹកខ្មែរយ៉ាងគឃ្លើន។

ថ្មីៗនេះប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា ខេត្តតាកែវ បានអំពាវ​នាវ​ឲ្យលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏ដូច​ជា​លោក អេង ជាសាន អគ្គនាយករដ្ឋបាល​ជលផល ចាត់វិធានការទៅលើមន្ត្រីរដ្ឋបាលជលផល ក្នុងស្រុកបុរីជលសា ក៏ដូចជា​មេ​រដ្ឋបាលជលផលខេត្តតាកែវជាបន្ទាន់។ ដោយ​ហេតុថា ប្រសិនបើគ្មានការឃុបឃិតជាប្រព័ន្ធទេនោះ គឺជនជាតិវៀតណាមមិនអាចចូលមកនេសាទដោយប្រើឧបករណ៍ខុសច្បាប់ក្នុងឃុំកំពង់ក្រសាំង ស្រុកបុរី​ជលសា យ៉ាងរលូនដូចសព្វថ្ងៃ​នេះ​ឡើយ​។ ទន្ទឹមនឹងនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គួរពិនិត្យមើលភាពអសកម្មរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ផងដែរព្រោះ​លោក អ៊ូច ភា មិនយកចិត្តទុកដាក់បង្ក្រាបបទល្មើសនេសាទឲ្យស្របតាមបទបញ្ជាលេខ០០១ របស់រាជរដ្ឋាភិបាលនោះទេ។

ជាក់ស្ដែងបច្ចុប្បន្នជនជាតិវៀតណាមចូលមកនេសាទខុសច្បាប់ក្នុងស្រុកបុរី ជលសា និងស្រុកអង្គរបុរី យ៉ាងគគ្រឹក​គគ្រេង​ហើយ​លោក អ៊ូច ភា អភិបាល​ខេត្ត​តាកែវ សម្ងំស្ងៀមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនហើយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់​៕ ហេង សូរិយា


ចែករំលែក៖