ភ្នំពេញ៖ ដោយសារតែប្រើប្រាស់គ្រឿងញៀន ច្រើនហួសកម្រិត បានធ្វើឲ្យបុរសម្នាក់ គាំងបេះដូងស្លាប់នៅក្នុងបន្ទប់ជួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកត្រួតពិនិត្យនិងធ្វើកោសលវិច័យផងដែរ ។
ករណីបុរសម្នាក់ដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃសុក្រ ២រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតតាមផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ជា វណ្ណារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ (ស្នាក់នៅចំណុចកើតហេតុខាងលើ) ។
យោងតាមមន្ត្រីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ មានអ្នកស្នាក់នៅក្បែរបន្ទប់ជួលកើតហេតុខាងលើ មិនឃើញបុរសរងគ្រោះ ចេញមកអង្គុយជក់បារីដូចរាល់ថ្ងៃ ទើបគាត់ដើរទៅអើតមើលឃើញដេកស្ដូកស្ដឹង ហៅមិនក៏ឆ្លើយតប ។ ភ្លាមនោះគាត់ក៏ទៅប្រាប់ម្ចាស់បន្ទប់ជួល រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ឲ្យចុះមកពិនិត្យមើលជាក់ស្តែង ទើបដឹងថាជនរងគ្រោះស្លាប់ពិតប្រាកដមែន ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យលើសាកសព ដោយ បញ្ជាក់ថា សពឈ្មោះ ជា វណ្ណារ័ត្ន ពិតជាស្លាប់ដោយសារគាំងបេះដូង បណ្តាលមកពីប្រើប្រាស់គ្រឿងញៀន ប្រភេទមេតំហ្វេតាមីន លើសកម្រិត ។
បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិបាង ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៕ស តារា