បើទោះបីជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានអភិបាលខេត្ត មណ្ឌលគិរី រឿងបទល្មើសយ៉ាងណាក៏ដោយ ក៏ឈើនៅតែបន្តនាំចេញទៅប្រទេសវៀតណាម ជារៀងរាល់ថ្ងៃ ។ អ្វីដែលគួរឲ្យហួសចិត្តទៀតនោះ គឺព្រៃឈើនៅតំបន់ការពារអភិរក្ស កំពុងរងការកាប់បំផ្លាញដឹកជញ្ជូនទៅប្រទេសវៀតណាមរាល់យប់ ។ នោះគឺព្រៃឈើនៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ដែលអាជ្ញាធរខេត្តមណ្ឌលគិរីតែងតាំងលោកព្រំ សុវណ្ណា និងលោកសៀង ស៊ីណា ឲ្យមើលការខុសត្រូវនោះ ពួកមន្ត្រីទាំងពីរនាក់នេះក្លាយទៅជាអ្នកកសាងបទល្មើសទៅវិញ ។
គេរាយការណ៍ថា កាលពីទៀបភ្លឺឆ្លងចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ រថយន្តសាំយ៉ុង១០គ្រឿង និងគោយន្តកែច្នៃ៣គ្រឿង បានដឹកឈើចេញតាមផ្លូវ១១៥ និង១១៧ ឆ្ពោះទៅតំបន់ កា៣ ឆ្លងចូលទៅប្រទេសវៀតណាម ។ ឈើនោះត្រូវបានដឹកចេញពីតំបន់ស្រែឈូក ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ។ លោកសៀង ស៊ីណា នាយរងដែនជម្រកសត្វព្រៃកែវសីមា បានសហការជាមួយឈ្មួញឈ្មោះ ទោង (យោធា) ជាអ្នកបើកប្រតិបត្តិការកាលពីយប់ថ្ងៃទី២៩ ឆ្លងចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នោះ ។ ឈ្មួញឈ្មោះ ទោង និងលោកសៀង ស៊ីណា បានសហការគ្នាក្នុងការបន្តប្រព្រឹត្តល្មើសនេះតទៅទៀត ។
ប្រភពរាយការណ៍ថា បើនិយាយពីសមត្ថកិច្ចនៅក្នុងព្រៃឯណោះវិញ គឺច្រើនស្អេកស្កះសន្ធឹកសន្ធាប់ណាស់ ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនមែនចាំបង្ក្រាបបទល្មើសអ្វីឡើយ ។ នៅទីនោះមានកងអន្តរាគមន៍, មន្ត្រីស្នាក់ការ និងក្រុមចម្រុះរបស់ខេត្ត ។ ក្រុមចម្រុះរបស់ខេត្តដឹកនាំដោយលោក ឈាង ណាក់ ជាមន្ត្រីរដ្ឋបាលព្រៃឈើដាក់កម្លាំងចាំបង្ក្រាបបទល្មើស ប៉ុន្តែផ្ទុយទៅវិញគឺពួកមន្ត្រីនេះជាអ្នករកលុយឲ្យថ្នាក់ដឹកនាំខេត្ត ។ រីឯកងអន្តរាគមន៍ ដែលមានប្រធានក្រុមដឹកនាំដោយលោក គង់ ពុទ្ធារ៉ា មកពីក្រសួងបរិស្ថាន ក៏មិនខុសពីលោកឈាង ណាក់ ប៉ុន្មានដែរ ។
គេរាយការណ៍ថា តាំងពីលោកព្រំ សុវណ្ណា និងលោក សៀង ស៊ីណា មកកាន់កាប់តំបន់ដែនជម្រកសត្វព្រៃកែវសីមា គឺចាប់ផ្តើមមានបទល្មើសយ៉ាងគគ្រឹកគគ្រេង ។ ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី មិនខ្វល់ចំពោះការដាស់តឿនក្រើនរំលឹក របស់សម្តេចក្រឡាហោម ស ខេង នោះឡើយ ។ គេរំពឹងថា សម្តេចក្រឡាហោម នឹងពិនិត្យមើលបញ្ហាបទល្មើសព្រៃឈើនៅខេត្តមណ្ឌលគិរីនេះឡើងវិញ ៕