ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាលួចម៉ូតូអ្នកកាសែតនៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនទៅតាមបណ្តឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធករណីលួចកាច់សោម៉ូតូយកទៅបញ្ញាំបានលុយ២០០ដុល្លារពេលត្រឡប់មកផ្ទះវិញត្រូវសមត្ថកិច្ចចុះទៅចាប់ខ្លួនតែម្តងព្រោះពេលធ្វើសកម្មភាពជនសង្ស័យត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ជាភស្តុតាង ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ចំណុចមុខផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ស្ថិតក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​។

ជនរងគ្រោះឈ្មោះ ហេង សុខទី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរអ្នក​សារព័ត៌មាន ស្នាក់នៅផ្ទះលេខ២៧២ ផ្លូវលេខ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ហួន ចាន់ណា អាយុ១៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ សំណង់អនាធិបតេយ្យ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បាន ឲ្យ​ដឹងថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃកើតហេតុជនរងគ្រោះ បានទុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-0612 នៅចំណុចមុខផ្ទះកើតហេតុ រួចក៏បានចូលទៅសម្រាកមួយសន្ទុះ ក៏ត្រឡប់ចេញមកក្រៅវិញ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូគាត់ ជិះគេចពីកន្លែងកើតហេតុបាត់ ភ្លាមនោះគាត់ក៏​បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមរកជនសង្ស័យ។ បន្ទាប់ពីដាក់ពាក្យបណ្តឹងហើយជនរងគ្រោះក៍ត្រឡប់មកផ្ទះវិញនិងបើកមើល​កាមេរ៉ា​សុវត្ថិភាព​នៅមុខផ្ទះរបស់ខ្លួនមើល​ ស្រាប់តែ ឃើញជនសង្ស័យ​ ដែលរស់នៅក្នុងភូមិជាមួយគ្នា​ បានធ្វើសកម្មភាព​លួច​យកម៉ូតូ​ ទើបយក​វី​ដេអូ​នោះ​ ទៅប្រគល់ឲ្យ​សមត្ថកិច្ច ​ដើម្បី​ងាយស្រួល​ក្នុងការស្រាវជ្រាវចាប់ជនសង្ស័យរូបនោះ។

លុះមកដល់ម៉ោង៧យប់ថ្ងៃដដែល មិត្តភក្ដិ​របស់ជនរងគ្រោះ បានប្រទះឃើញ​ជនសង្ស័យ នៅមុខផ្ទះរបស់ជនសង្ស័យនៅចុងភូមិ ទើបប្រញាប់​រត់មកប្រាប់​ជនរងគ្រោះ ពេលទទួលបានពត៍មានជនរងគ្រោះបានរាយការណ៍​ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលច្បារអំពៅ២ ចេញជួយអន្តរាគមន៍​ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ​នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុងចុងភូមិ​ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ រួចយកមកសួរនាំនៅប៉ុស្តិ៍តែម្តង។

ចំពោះ​មុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយ​សារភាពថា​ ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះនៅមុខផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន ហើយបានយក​ទៅបញ្ចាំ​នៅកន្លែងទទួលបញ្ចាំ​មួយកន្លែង​ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី២ បានលុយចំនួន​២០០ដុល្លា​រ រួចយកលុយមួយចំនួន​ទៅទិញ​ថ្នាំ​ជក់​ និងមួយចំនួនទៀត​រូបគេបានអោយ​មិត្តភក្ដិ​ ហើយក៏ត្រឡប់មកផ្ទះវិញ នៅសល់លុយជាង១០ម៉ឺន​រៀល​ រូបគេក៏ប្រគល់អោយឪពុករបស់គេ​ ស្រាប់តែមួយសន្ទុះក្រោយមក​ក៏ឃើញ​សមត្ថកិច្ចចុះមកឃាត់ខ្លួន​តែម្ដង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅ​អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ​ ដើម្បីកសាង​សំណុំ​រឿង​ ចាត់ការតាម​​ច្បាប់​៕ សណ្តោស


ចែករំលែក៖