ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័រ ស្លាកលេខ ខេមរភូមិន្ទ 2-8185 ដឹកឈើធ្នង់​លោតឆត្រជិត២តោន ត្រូវបង្ក្រាបបាន

ចែករំលែក៖

ខេត្តកំពង់ធំ៖ រថយន្តស្លាកលេខខេមរភួមិន្ទ មួយចំនួនធំ ត្រូវបាន ឈ្មួញឈើ អែបអាងយកមកដឹកឈើ ទាំងរថយន្តស៊េរីទំនើប និងរថយន្តថោកដល់កំពូល គឺដោយសារតែរថយន្តពាក់ស្លាកលេខ ខេមរភូមិន្ទ រកស៊ីកាក់កបទើបបានជាឈ្មួញឈើ ព្យាយាមពាក់ស្លាកលេខរបស់ខ្លួន ដើម្បីប្រមូលលាភសក្ការដោយការដឹកជញ្ជូន ឈើដោយខុសច្បាប់ ។

ជាក់ស្តែងរថយន្ត ប្រភេទហាយឡែនឌ័រ មួយគ្រឿង ស្លាកលេខ ខេមរភួមិន្ទ ដឹកឈើធ្នង់ពេញប្រៀប ត្រូវបាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ធំ សហការជាមួយលោក ឡង់ គឺសឹង អភិបាលស្រុកសណ្តាន់ និងលោក តុប កក្តដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ដោយសហការជាមួយនឹង ផ្នែកសឹក រងស្រុក បង្រ្កាបបានកាលពីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៨ ខណៈដែល រថយន្តដឹកបទល្មើសកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនចេញពីខេត្តព្រះវិហារ តាមផ្លូវអូងាវ ឆ្ពោះមកស្រុកសណ្តាន់ ទើបកម្លាំងសម្រុះអាចស្ទាក់ចាប់បាន ពេលដែលតៃកុងឡានព្យាយាមដឹកគេចខ្លួន ស្ថិតនៅឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមការឲ្យដឹងពីតៃកុងឡាន ឈ្មោះ សិលា ភេទប្រុស បានឲ្យដឹងថា ខ្លួនបានដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះ ទៅកាន់ខេត្តកំពង់ចាម តាមផ្លូវអូងាវ ឆ្លងកាត់សង្កាត់ទំរីង ហើយឡើងទៅកំពង់ចាមតែម្តង ដោយប្រើប្រាស់ រថយន្ត ហាយឡែនឌ័រ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-8185 ថែមទាំងបិទផ្លាក់ VIP បញ្ជាការដ្ឋានកងទ័ពជើងគោក ដើម្បីជាមធ្យោបាយដឹកជញ្ជូនឈើធ្នង់ជាប្រចាំ ។

លោក លី ស្រេង ប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ បានឲ្យដឹងថា មុនពេលឈានដល់ការបង្រ្កាប រថយន្តដឹកឈើខុសច្បាប់ប្រភេទលេខ១ គឺទទួលព័ត៌មានថា មានការដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ឆ្លងកាត់អូរងាវ ទឹកដីខេត្តកំពង់ធំ ទើបបានរាយការណ៍មក លោក តុប កក្តដា ប្រធានមន្ទីរបរិស្ថាន និងសុំយោបល់លោក អ៊ិត សុធា ព្រះរាជអាជ្ញា ស្ទាក់ចាប់រថយន្តខាងលើ ស្ទើរពេញមួយយប់ ដោយសារតៃកុងឡាន ដឹករត់ពេញភូមិសាស្រ្តឃុំមានរិទ្ធ ទីបញ្ចប់ សមត្ថកិច្ចអាចឃាត់រថយន្តដឹកបទល្មើសបាន នាំមករក្សាទុកនៅ មន្ទីរបរិស្ថានខេត្តកំពង់ធំ ក្រោយពីវាស់វែង ឈើទាំងអស់ជិត២តោន ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយពីសម្តេចបានដាក់បទបញ្ជាក្តៅ ដល់មន្រ្តីអនុត្តន៍ការងារ ពាក់ព័ន្ឋ នឹងការបង្រ្កាបបទល្មើសព្រៃឈើ បទល្មើសនេសាទ គឺត្រូវបានមហាជន សង្កេតឃើញថា មន្ទីរបរិស្ថានបាន ប្រើកណ្តាប់ដៃដែក បង្រ្កាបដោយគ្មានការលើកលែង ចាប់ពីថ្ងៃទី១ ដើមខែវិច្ឆិកា ឆ្នាំ ២០១៨ មកដល់ពេលនេះ បង្រ្កាបបាន២ករណី ទី១ ចាប់រថយន្តកូរ៉េ ៥តោន នៅព្រំប្រទល់ខេត្តព្រះវិហារ កំពង់ធំ ដឹកឈើអត់ច្បាប់របស់លោក សំណាង ដែលជាថៅកែឈើ ដឹកចេញពីខេត្តព្រះវិហារ ដែលមានឈើជាង ២៤ម៉ែត្រគូប ទី២ រថយន្តប្រភេទហាយឡែនឌ័រ ដឹកឈើធ្នង់ លទ្ធផលឈើជិត២តោន ក្នុងនោះក៏មានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនចំពោះការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ៕ ប៊ុនរិទ្ធី


ចែករំលែក៖