ភ្នំពេញ៖ យោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតរបស់មន្ត្រីជំនាញ នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអគ្គនាយកដ្ឋានកាំកុងត្រូល ក្រោមការ សម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្រា្កប ករណីនាំចូល ចែកចាយសាច់ ជង្គុង ជើង ស្លាបមាន់ខូច គុណភាព និងគ្មានច្បាប់ ដឹកតាមរថយន្តកូរ៉េ១គ្រឿង ម៉ាកKIA Bongo ស្លាកលេខ 2AD 8321 នៅចំណុចខាងកើតស្ពានច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពីការត្រួតពិនិត្យសមត្ថកិច្ចចម្រុះបានឆែកឆេរជាក់ស្តែងរកឃើញ: សាច់មាន់ ជង្គង់មាន់ ជើងមាន់ និង ស្លាបមាន់ខូចភាពប្រមាណ ១តោនកន្លះ។
ចំពោះវត្ថុតាងទាំងអស់ខាងលើ លោកព្រះរាជអាជ្ញារង ខាំ សុផារី បានសម្រេចឲ្យដកហូតរក្សាទុកជាបណ្តោះអាសន្ន និងយកសាច់ ជង្គង់ ជើង ស្លាបមាន់ ខូចគុណភាពទៅដុតបំផ្លាញចោលនៅទីលានចាក់សំរាមបឹងជើងឯក និងបាននាំខ្លួនអ្នកបើកបររថយន្តចំនួន២នាក់មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធី។
ជាមួយគ្នានេះផងដែរ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា សាច់មាន់ ជង្គង់មាន់ និងស្លាបមាន់ខូចគុណភាពជាង១តោនកន្លះ ក៏ត្រូវដឹកយកមកដុតបំផ្លាញចោលនៅទីលានចាក់សំរាម នាខណ្ឌដង្កោ ៕ តាឡឹម