ភ្នំពេញ៖ ជាងកាត់កញ្ចក់ម្នាក់ បានដេកស្លាប់ ខណៈមេជាងដើរទៅដាស់ឲ្យក្រោកពីដំណេក ស្រាប់តែយកដៃអង្រួនជើង ទើបដឹងថា ជនរងគ្រោះដេកស្លាប់ឡើងរឹងទៅហើយ មិនដឹងស្លាប់តាំងពីពេលណា ។
ហេតុការណ៍នេះ បង្កឲ្យមានការណ៍ភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចផ្ទះកាត់កញ្ចក់មួយកន្លែងយីហោ ហេងលាភកាត់កញ្ចក់ដែក ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
យុវជនដែលដេកស្លាប់នេះមានឈ្មោះជា ប៊ុនសុង អាយុ២៧ឆ្នាំ មុខរបរជាងកាត់កញ្ចក់ ស្នាក់នៅផ្ទះកើតហេតុ មានស្រកកំណើតនៅភូមិអំពិល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមការឲ្យដឹងពីមេជាងកញ្ចក់ឈ្មោះសន ផលលាភ ភេទប្រុស អាយុ៣៦ឆ្នាំ និងត្រូវជាសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅម៉ោងប្រហែល៧យប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់មានគ្នា៤នាក់ រួមទាំងកូនជាងខាងលើ បានហូបស្រាបៀរអស់១កំប៉ុង ហើយហូបបាយរួច និងអង្គុយមើលទូរទស្សន៍រហូតដល់ម៉ោងប្រហែល៨និង៣០នាទីយប់ ថ្ងៃដដែល ទើបចូលដេករៀងខ្លួន ដោយកូនជាងខាងលើ ដេកតែម្នាក់ឯងនៅលើគ្រែ ក្នុងផ្ទះ លុះរហូតដល់វេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា គាត់បានភ្ញាក់ពីដំណេក ក៏ដើរសំដៅទៅដាស់កូនជាងខាងលើ ដើម្បីឲ្យលើកទូកញ្ចក់រៀបចំឲ្យស្រួលបួល ស្រាប់តែទៅដាស់ ក៏មិនក្រោកយកដៃទៅអង្រួនជើងមើល ឡើងរឹងទើបដឹងកូនជាងដេកស្លាប់លើគ្រែបាត់ទៅហើយ។
ក្រោយមកមេជាងក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលរដ្ឋាន និងទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុ ដើម្បីពិនិត្យបន្ទាប់ពីពិនិត្យរួចរាល់ហើយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គរ ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី ៕ ជ្រោយពេជ្រ