ភ្នំពេញ៖ អេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខគេមួយនៅក្នុងតំបន់អាស៊ានបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយនឹងក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ចំណេះដឹង នៃការបណ្ដុះបណ្ដាលផ្នែកបើកបរសម្រាប់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ក្នុងរាជធានីភ្នំពេញ ដែលនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងការបើកបរឲ្យមានសុវត្ថិភាព ។
ស្របពេល ដែលការប្រើប្រាស់ដងផ្លូវចេះតែកើនឡើងជារៀងរាល់ថ្ងៃដូច្នេះ ក្រុមហ៊ុនអេសស៊ីជីមានក្ដីបារម្ភចំពោះសុវត្ថិភាពអាយុជីវិតរបស់ប្រជាជនកម្ពជាជាពិសេសទាក់ទិននឹងការបើកបរ និងការប្រើប្រាស់ដងផ្លូវ ។ ដូច្នេះអេសស៊ីជី និងក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតកម្មវិធីបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់ជំនាញបើកបរយានយន្តជាពិសេសសម្រាប់ប្រភេទយានយន្តធុនធ្ងន់ ។ ការបណ្ដុះបណ្ដាលនឹងប្រើប្រាស់នូវជំនាញ និងចំណេះដឹងរបស់អេសស៊ីជីតាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរយានយន្តធុនធ្ងន់របស់ខ្លួន ដែលធ្វើប្រតិបត្តិការនៅក្នុងប្រទេសថៃ ។ កម្មវិធីបណ្ដុះបណ្ដាលនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់អ្នកបើកបរទាំងការចៀសវាងកុំឲ្យមានគ្រោះថ្នាក់ និងការប្រតិបត្តិបានត្រឹមត្រូវក្នុងការគ្រប់គ្រងយានយន្តរបស់ខ្លួន ។
លោកស៊ុមវ៉ាងម៉ាន់ពីមុនឆៃ (Somwang Manpimonchai) នាយកក្រុមហ៊ុនSCG ប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖“នៅឯក្រុមហ៊ុនអេសស៊ីជីយើងមានបទពិសោធន៍ និងចំណេះដឹងទាក់ទិននឹងការបើកបរដោយសុវត្ថិភាពពីព្រោះយើងមានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលការបើកបរ ដែលទំនើប ដែលមានដំណើរការជាច្រើនឆ្នាំមកហើយ ។ យើងជឿថាចំណេះដឹងទាំងអស់នេះអាចយកទៅកែសម្រួល និងប្រើប្រាស់សម្រាប់ការអប់រំដល់ប្រជាជនកម្ពុជា ។ ជាមួយនឹងជំនាញល្អក្នុងការបើកបរដូច្នេះដងផ្លូវនៅកម្ពុជាអាចមានសុវត្ថិភាពជាងមុន ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានផ្ដល់ឱកាសឲ្យយើងខ្ញុំបានចូលរួមជាផ្នែកមួយ នៃវគ្គបណ្ដុះបណ្ដាលតាមរយៈការចុះអនុស្សរណៈ នៃការយោគយល់គ្នាថ្ងៃនេះ ។ កិច្ចព្រមព្រៀងនេះនឹងធ្វើឲ្យយើងធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធដើម្បីលើកកម្ពស់បទដ្ឋាន នៃការបើកបរនៅក្នុងប្រទេសកម្ពុជា” ។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាការបណ្ដុះបណ្ដាលនឹងប្រព្រឹត្តទៅនៅឯមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ស្ថិតក្នុងខ័ណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលនេះនឹងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹងរបស់អ្នកបើកបរជុំវិញច្បាប់ចរាចរណ៍ដូច្នេះនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ។
លោកទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖“ខ្ញុំសូមអរគុណជាទៅក្រុមហ៊ុនអេសស៊ីជី ដែលបានបណ្ដុះបណ្ដាលគ្រូបង្គោលរបស់យើងនៅប្រទេសថៃហើយគ្រូបង្គោលនឹងមកបង្រៀនថែមទៀតទៅមន្ត្រីរបស់យើងដើម្បីចូលរួមបង្រៀនអ្នកបើកបររថយន្តធុនធ្ងន់” ។
កាលពីឆ្នាំ2017 គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកទំនិញធុនធ្ងន់បានឆក់យកជីវិតមនុស្សជិត200នាក់ក្នុងប្រទេសកម្ពុជា ។ បើតាមលោកទេសរដ្ឋមន្ត្រីបានឲ្យដឹងថាបច្ចុប្បន្នរថយន្តធុនធ្ងន់ចំនួន23ម៉ឺនគ្រឿងត្រូវបានចុះបញ្ជីប៉ុន្តែការបណ្ដុះបណ្ដាល និងកម្រិត នៃអ្នកមានប័ណ្ណបើកបរនៅមានចំនួនទាបនៅឡើយ ដែលក្នុងនោះអ្នកបើកបរយានយន្តធុនធ្ងន់មានតែ60%ប៉ុណ្ណោះ ដែលមានប័ណ្ណបើកបរត្រឹមត្រូវ ។
គ្រោះថ្នាក់ចរាចរណ៍ក្នុងប្រទេសកម្ពុជាសម្លាប់មនុស្សប្រមាណ៥នាក់ និងបង្ករបួសស្នាមដល់មនុស្សចន្លោះពី១៥ទៅ២០នាក់ជារៀងរាល់ថ្ងៃដោយធ្វើឲ្យកម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារលើការខូចបង់ទ្រព្យសម្បត្តិការព្យាបាល និងការខាតបង់ផលិតភាពការងារ ។ ដូច្នេះកម្មវិធីបណ្ដុះបណ្ដាលនេះគឺជាផ្នែកមួយ នៃដំណោះស្រាយ ដែលនឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ និងធ្វើឲ្យការបើកបរនៅតាមដងផ្លូវកាន់តែមានសុវត្ថិភាព៕ វឌ្ឍនា