ខេត្តត្បូងឃ្មុំ ៖ កាលពីថ្ងៃច័ន្ទទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទីម្សិលមិញនេះ មានករណី ក្រឡាប់រថយន្តដោយសារឡើងទួលភ្នំមិនរួច បង្កឲ្យមានគ្រោះថ្នាក់រហូតស្លាប់មនុស្សម្នាក់ និងរងរបួសម្នាក់ នៅលើផ្លូវអភិវឌ្ឍន៍ក្រាលកៅស៊ូ (គីឡូម៉ែត្រលេខ៤០) ស្ថិតនៅភូមិទឹកទុំ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចឲ្យដឹងថា រថយន្តបើកបរក្រឡាប់ដោយខ្លួនឯង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស គ្មានស្លាកលេខ (ដឹកជ័រកៅស៊ូ) អ្នកបើកបរមិនទាន់ស្គាល់ឈ្មោះនិងអសយដ្ឋាន ព្រោះក្រោយពេលកើតហេតុរត់គេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកអ្នករួមដំណើរពីរនាក់ដែលរងគ្រោះ ទី១-ឈ្មោះ ឆេត ឆុន ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ (ស្លាប់នៅកន្លែងកើតហេតុ) និង២-ឈ្មោះ ហេន ណៃហួយ ភេទស្រី អាយុ៣៦ឆ្នាំជាតិខ្មែរ រស់នៅភូម-ឃុំ ជាមួយគ្នា(របួសស្រាល) ។
សាក្សីឲ្យដឹងថា រថយន្តខាងលើនេះបើកបរពីទិសខាងលិចទៅទិសខាងកើត លុះបើកបរដល់ចំណុចកើតហេតុ (ផ្លូវឡើងភ្នំ) បែរជាឡើងមិនរួច ក៏បានរអិលថយក្រោយបណ្តាលឲ្យក្រឡាប់ធ្លាក់ទៅខាងត្បូងផ្លូវស្លាប់ និងរបួស មនុស្សតែម្តង ។ អ្នករងរបួសត្រូវបានដឹកសង្រ្គោះនៅមណ្ឌលសុខភាពឃុំកំពាន់ ។ ចំណែកសពសមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់នេះ បង្កឡើងដោយអ្នកបើកបរធ្វេហប្រហែស ខ្វះការប្រុងប្រយ័ត្ន ។ វត្ថុតាង រថយន្ត ជំនាញនគរបាលចរាចរណ៍បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ រង់ចាំម្ចាស់មកបំពេញបែបបទត្រឹមត្រូវយកទៅវិញ ៕ វណ្ណៈ