ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ៩ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀតនៅប្រទេសសិង្ហបុរី ពីថ្ងៃទី១៣-១៥ ខែវិច្ឆិកាឆ្នាំ២០១៨។
តាមរយៈកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ ក្រោមប្រធានបទ«ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» ឃើញថា ទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទនភាព សម្រាប់ប្រទេសកម្ពុជាក៏ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន។
ប្រទេសជាសមាជិកអាស៊ានទាំងអស់បានពិភាក្សាលើប្រធានបទ និងបញ្ហាសំខាន់ៗ ក្នុងការសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដោយបង្កើននូវទំនាក់ទំនង និងពង្រីកទំហំពាណិជ្ជកម្ម វិនិយោគសេដ្ឋកិច្ច ស្របតាមតម្រូវការបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងរួមគ្នាទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផលប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។ សមាជិកអាស៊ានក៏អបអរសាទផងដែរដល់ប្រទេសថៃដែលត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ ២០១៩ ខាងមុខនេះ។
សូមជូនពរដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា៕