ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់មានវ័យទើបតែ៥ឆ្នាំប៉ុណ្ណោះ ត្រូវឪពុកចុងចាប់រំលោភ

ចែករំលែក៖

ភ្នំពេញ៖ ក្មេងស្រីម្នាក់មានវ័យទើបតែ៥ឆ្នាំប៉ុណ្ណោះ ត្រូវឪពុកចុងចាប់រំលោភបានសម្រេចជាច្រើនដង រហូតដាច់ចិត្តទម្លាយរឿងនេះប្រាប់ម្តាយ ហើយស្ត្រីជាម្ដាយបានទៅប្ដឹងលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌឫស្សីកែវ រហូតឈានដល់ការឃាត់ខ្លួនភ្លាមៗ នៅចំណុចផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្រុម១៣ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

លោកវរសេនីយ៍ឯក គល់ យី បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ គ.ច.ណ អាយុទើបតែ៥ឆ្នាំប៉ុណ្ណោះ ។ រីឯជនសង្ស័យជាឪពុកចុងឈ្មោះ ឯក វ៉ាន់ដូច ហៅរ៉ា អាយុ២៨ឆ្នាំ មុខរបរកម្មករដូចគ្នា ។

លោកអធិការខណ្ឌឫស្សីកែវ បានបញ្ជាក់ទៀតថា មុនឈានដល់ការឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីស្ត្រីជាប្រពន្ធ និងជាម្ដាយ តាមរយៈកូនស្រីដែលរងគ្រោះបានខ្សឹបប្រាប់ ថា ឪពុកចុងរបស់នាង បានបង្ខំរំលោភសេពសន្ធវៈលើរូបរាងកាយនាងបានសម្រេចជាច្រើនដង មកហើយនាពេលកន្លងមក ។

លោកអធិការខណ្ឌឫស្សីកែវបន្តថា ក្រោយពីឃាត់ខ្លួនបុរសជាប្ដី និងជាឪពុកចុង ដើម្បីយកមកធ្វើការសួនាំជាច្រើនម៉ោង រូបគេបានឆ្លើយសារភាពមុខសមត្ថកិច្ចថា មិនបានចាំថ្ងៃណានោះទេ ក្នុងអំឡុងខែ៧ ឆ្នាំ២០១៨នេះ គេបានរំលោភលើកូនស្រីចុងរបស់ខ្លួន នៅខាងលើផ្ទះក្នុងបន្ទប់ដេក បានសម្រេច១ដងទៅហើយ ។

ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចទៀតថា ក្រោយមកទៀត ក៏ពុំបានចាំថ្ងៃខែនោះដែរ រូបគេបានព្យាយាមរំលោភសេពសន្ធវៈម្ដងហើយ ម្ដងទៀតលើរូបរាងកាយកូនស្រីចុង ដែលមានវ័យទើបតែ៥ឆ្នាំនេះ បានសម្រេចរហូតដល់៣ ទៅ៤ដងបន្តទៀត ទើបបណ្ដាលឲ្យក្មេងស្រីរងគ្រោះទ្រាំពុំបាន និងទង្វើរបែបនេះ ក៏សម្រេចចិត្តទម្លាយរឿងទាំងអស់ប្រាប់ឲ្យស្ត្រីជាម្ដាយបានដឹង និងឈានដល់ការដាក់ពាក្យប្ដឹងសុំកិច្ចអន្តរាគមន៍ពីកម្លាំងនគរបាលឲ្យឃាត់ខ្លួនតែម្ដង ។

លោកវរសេនីយ៍ឯក អធិការខណ្ឌឫស្សីកែវ បច្ចុប្បន្ននេះជនសង្ស័យដែលឃាត់ខ្លួន ក្នុងអំពើរំលោភសេពសន្ធវៈ លើកូនស្រីចុងរបស់ខ្លួន បាន និងកំពុងស្ថិតនៅក្រោមការ ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនីតិវិធី៕ អរុណរះ


ចែករំលែក៖