ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្ស៦នាក់ ក្រោយបង្ក្រាបទីតាំងម៉ាស្សាយីហោ “វណ្ណនី រីករាយ” មានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន៦នាក់ ក្នុងនោះមានម្ចាស់ទីតាំងម្នាក់ និងនារីរងគ្រោះចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយនគរបាលមូលដ្ឋានខណ្ឌមានជ័យ ចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោ “វណ្ណនី រីករាយ” ដែលមានបង្កប់សេវាផ្លូវភេទ បម្រើដោយអនីតិជន ។

ករណីខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលេខ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ ដោយមានចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ។

យោងតាមមន្រ្តីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ ហួត សុវណ្ណនី ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅទីតាំងម៉ាស្សាផ្ទះលេខ ៣២B ផ្លូវ២១៧ ម្ដុំច្រមុះជ្រូកស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ ។ ហើយទីតាំងម៉ាស្សាកោសជប់ យីហោ វណ្ណនី រីករាយ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពីម៉ោង១០ ព្រឹករហូតដល់ម៉ោង២ រំលងអធ្រាត្រ ដោយមាននារីក្មេង ចាស់ចំនួន៥នាក់ រង់ចាំភ្ញៀវ មកម៉ាស្សា និងរួមភេទ ដោយ តម្លៃរួមភេទ១ដង ចាប់ពី ២០ដុល្លារទៅ ២៥ដុល្លារ ។

ក្រោយឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ក្នុងនោះនារីរងគ្រោះចំនួន ៥នាក់ (អនីតិជន២នាក់ អាយុ១៤ និងអាយុ១៦ឆ្នាំ) និងម្ចាស់ទីតាំង ភេទស្រីម្នាក់ រួចសមត្ថកិច្ចបានបញ្ជូនទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តនីតិវិធីសាកសួរនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។ ដោយឡែកនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនអង្គការសង្គមកិច្ចដើម្បីអប់រំបន្ត ៕ ស តារា

 


ចែករំលែក៖