ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខជាប់ចោទស៊ីឈ្មួលទៅបោះបង្គោលឲ្យបុគ្គលរំលោភយកដីផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅសង្កាត់ភ្នំពេញថ្មីបានមានប្រតិកម្ម និងភ្ញាក់ផ្អើលចោទអាជ្ញាធរស៊ីឈ្មួលបោះបង្គោលរំលោភចូលដីផ្លូវ ខណះ ពេលដែលអាជ្ញាធរខណ្ឌខណ្ឌសែនសុខ ដឹកនាំ មន្រ្តីជំនាញ បាននាំគ្នា ចុះទៅវាស់វែង និងបោះបង្គោល ឲ្យបុគ្គលម្នាក់ ដែលការបោះបង្គោលនោះនៅកណ្តាលផ្លូវចេញពីរបងចាស់របស់បុគ្គលនោះប្រវែងប្រមាណ៥ម៉ែត្រ ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីរសៀល ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅចំណុចផ្លូវលេខ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

អ្វី ដែលមានការចាប់អារម្មណ៍នោះ គេឃើញកម្លាំងសណ្តាប់ធ្នាប់ស្ថិតនៅក្នុងឯកសណ្ឋានដូចជាសស្រាកស្រស្រាំណាស់នៅក្នុងការបោះបង្គោលឲ្យបុគ្គល ។ តាមព័ត៌មានឲ្យដឹងថា នៅពេលដែលអាជ្ញាធរ និងមន្រ្តីជំនាញចុះទៅវាស់វែងបោះបង្គោលនោះ ប្រជាពលរដ្ឋ ក៏បាននាំគ្នា រេរ៉ាំងមិនឲ្យបោះបង្គោល នោះទេ និងចោទអាជ្ញាធរធ្វើបែបនេះដើម្បីតែលុយតែលុយតែប៉ុណ្ណោះ ។ តាមប្រជាពលរដ្ឋ បានចោទប្រកាន់ថា ការបោះបង្គោលរបស់អាជ្ញាធរនោះគីរំលោភលើដងផ្លូវលេខ ១៩៧២ និងពង្រីកចេញពីរបងព្រំដីចាស់របស់នៅឡូតិ៍នោះប្រវែង៥ម៉ែត្រ តែម្តង ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា កាលពីកំឡុងឆ្នាំ ២០១០ ប្លង់ផ្លូវស្ថិតនៅផ្នែកខាងជើង ហើយ គម្រោងពង្រីកផ្លូវ ដែលបាញ់ថ្នាំស្រាប់ក៏នោះផ្នែកខាងជើង ដែរ ស្រាប់តែពេលនេះអាជ្ញាធរ និងមន្រ្តីជំនាញបានចុះទៅវាស់វែងហើយ បោះបង្គោលបង្រីកដីឲ្យបុគ្គល និងរំកិលផ្លូវមកផ្នែកខាងត្បូងដោយអះអាងថា វាស់វែង និង បោះបង្គោលតាមប្លង់កម្មសិទ្ធិទៅវិញ ។ បើអាជ្ញាធរ វាស់វែងរំកិលផ្លូវបែបនេះតើផ្ទះរបស់ពួកគាត់ប្រមាណជាង១០គ្រួសារ ដែលរស់នៅតាំងពីឆ្នាំ១៩៧៩មកនោះច្បាស់ជាចំផ្លូវតែម្តង ។

ប្រជាពលរដ្ឋ ក៏បានបញ្ជាក់ទៀតថា កាលពីមុនប្លង់ដីឡូតិ៍ ដែលអាជ្ញាធរចុះបោះបង្គោលនោះ គីត្រឹមរបងចាស់ និងត្រឹមដើមឈើ ស្រាប់តែពេលនោះ អាជ្ញាធរមកបោះបង្គោលរំលោភមកកណ្តាលផ្លូវទៅវិញ ។ ប្រជាពលរដ្ឋក៏បានសំណូមពរដល់សម្តេចតេជោហ៊ុនសែន មេត្តជួយ អន្តរាគមន៍ ឲ្យពួកគាត់បានរស់ និងកាន់កាប់នៅលើដីនេះព្រោះពួកគាត់បានរស់នៅតាំងពីឆ្នាំ ១៩៧៩មកម្លេះ ។ ទោះបីមានការតវ៉ារេរ៉ាំងយ៉ាងណា អាជ្ញាធរ នៅតែបោះបង្គោល ឲ្យបុគ្គលនោះរហូតបានសម្រេច ។

តាមប្រធានភូមិ ពោងពាយឲ្យដឹងថា ដីឡូតិ៍ដែលចុះវាស់វែងនោះ ពីមុនមានប្លង់រឹងត្រឹមដើមឈើ និងត្រឹមរបងចាស់ហើយដីនៅសល់ជាដីផ្លូវពុំមានប្លង់នោះទេ ស្រាប់តែមិនដឹងមូលហេតុអ្វី ស្រាប់តែពេលនេះដីដែលទុកពង្រីកផ្លូវនោះមានប្លង់ជាកម្មសិទ្ធិរបស់បុគ្គលទៅវិញ ។ ដោយឡែក ដីផ្នែកខាងមុខ ពីមុនគាត់អនុញ្ញាតឲ្យសងផ្ទះតែ២ល្វែង នៅសល់ម្ចាស់សុំធ្វើសំយាបបណ្តោះអាសន្នបើត្រូវពង្រីកផ្លូវ រុះរើចេញតែពេលនេះបែជាមានប្លង់កម្មសិទ្ធិដែរ ។

ទាក់ទិនការចោទប្រកាន់នោះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខបានឲ្យដឹងថា ការដែលអាជ្ញាធរចុះវាស់វែងតាមប្លង់កម្មសិទ្ធិដែលប្រជាពលរដ្ឋកាន់កាប់(L MAP) ដោយរក្សាផ្លូវទំហំ ១៦ម៉ែត្រ ទៅតាមប្លង់ដែលបានកំណត់រួចហើយ ។ ដោយឡែកប្រជាពលរដ្ឋដែលរស់នៅបណ្តោយខាងត្បូងផ្លូវ គឺគាត់កំពុងស្នាក់នៅលើផ្លូវ១៩៧២ តែម្តង ។ លោកអភិបាលក៏បានបន្តទៀតថា ផ្លូវនេះទំហំ ១៦ម៉ែត្រ ដែលការិយាល័យភូមិបាលជាអ្នកជំនាញ ទៅបោះបង្គោលតាមប្លង់ដូចនេះការបោះបង្គោលនេះ មិនបានបំពានទៅលើផ្លូវនោះទេ ៕តុង សីហា


ចែករំលែក៖