ព័ត៌មានទាន់ហេតុការណ៍៖

វែកមុខឃាតកជនជាតិវៀតណាម ដែលធ្វើ​ទារុណកម្ម ​នារី​រកស៊ី​ផ្លូវភេទ​រហូត​ដល់ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​

ចែករំលែក៖

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបង្ហាញមុខឃាតក ប្រុស ស្រី ២នាក់ក្រោយពីពួកគេបានធ្វើ​ទារុណកម្ម ​លើនារី​រកស៊ី​ផ្លូវភេទម្នាក់​រហូត​ដល់ស្លាប់ ដោយសារតែនាងមិនព្រមរួមភេទជាមួយភ្ញៀវ ហើយ​យក​សព​ទៅ​បោះចោល​នៅ​ឈាន​ប​ដ្ឋា​ន​វត្ត​ទឹកថ្លា​កាលពី​ថ្ងៃ​ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លង​មក ។ ការបង្ហាញមុខជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង ។

លោកអធិការ ហួរ ម៉េងវ៉ាង បានឲ្យដឹងក្នុងពិធីបង្ហាញមុខជនសង្ស័យប្រាប់អ្នកសារព័ត៌មានថា៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ប៉ុស្តិ៍រដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ពាក់ព័ន្ធករណីឃាតកម្ម (ប្រើអំពើហិង្សាលើជនរងគ្រោះបណ្តាលឲ្យស្លាប់) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង០០នាទី នៅចំណុចក្នុងផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យ ចំនួន០៣នាក់ (គេចខ្លួន០១នាក់) មធ្យោបាយម៉ូតូ និងអូសរទេះ និងប្រដាប់ដោយដៃជើង ឈើកែច្នៃអេះខ្នង ។

ជនសង្ស័យចំនួន២នាក់ដែលឃាត់ខ្លួនបាន រួមមាន ៖ ១-ឈ្មោះ ង្វៀង យុំាងចូវ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ឃាត់ខ្លួនថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០១ និង៣០នាទី ។ បន្ទាប់មក ក៏ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ ង្វៀង ធីយុំាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (គ្មានសារធាតុញៀន) ឃាត់ខ្លួនថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទី ជាអ្នកអូសរទេះពីក្រោយ ។

ចំណែកជនរងគ្រោះឈ្មោះ ង្វៀង យុំាងយុង ភេទស្រី អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរ រកស៊ីផ្លូវភេទ ស្នាក់នៅផ្ទះលេខ ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ស្លាប់) ។

សម្ភារបន្សល់ទុក ៖ រូបថតសពចំនួន០១សន្លឹក, ឈើកែច្នៃសម្រាប់អេះខ្នងចំនួន០២ដើម, ម៉ូតូវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1F-5941, រទេះអូសដៃចំនួន០១ និងបន្ទះឈើចំនួន០៤ដើម ។

លោកវរសេនីឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌបានឲ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា នៅដើម ឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ ធូ (គេចខ្លួន) បានបើកហាងរកស៊ីផ្លូវភេទ ដោយមានមានជនរងគ្រោះជាអ្នករកស៊ីផ្លូវភេទ និងបានឲ្យជនសង្ស័យ ឈ្មោះ ង្វៀង យុំាងចូវ ជាអ្នកមើលការខុសត្រូវ ស្រីរកស៊ីផ្លូវភេទចំនួន០២នាក់ ក្នុងនោះមានជនរងគ្រោះចំនួន០១នាក់ រហូតដល់ដើម ឆ្នាំ២០១៨ ជនរងគ្រោះមានជំងឺ មិនអាចទទួលភ្ញៀវបានគ្រាប់គ្រាន់ ហើយជនសង្ស័យ ឈ្មោះ ង្វៀង យុំាងចូវ បានប្រាប់ទៅឈ្មោះ ធូ ម្ចាស់ហាងរកស៊ីផ្លូវភេទ ហើយឈ្មោះ ធូ បានប្រាប់ឲ្យឈ្មោះ ង្វៀង យុំាងចូវ ប្រើអំពើហិង្សាទៅលើជនរងគ្រោះជារើយៗ ដោយប្រើរំពាត់ ដៃ ជើង វាយទាត់ធាក់ទៅលើជនរងគ្រោះ បង្ខំឲ្យជនរងគ្រោះទទួលភ្ញៀវ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១៧ និង០០នាទី ជនរងគ្រោះបានស្លាប់ ហើយជនសង្ស័យឈ្មោះ ធូ បានរៀបចំខ្ចីម៉ូតូខាងលើ ពីឈ្មោះ យឺន វឿន ឲ្យទៅជនសង្ស័យឈ្មោះ ង្វៀង យុំាងចូវ និងឈ្មោះ ង្វៀង ធីយុំាង រួចលើកសពជនរងគ្រោះដោយមានរុំក្នុងកន្ទេលដាក់ក្នុងរទេះអូសម៉ូតូ ដឹកសពជនរងគ្រោះ មកទុកកន្លែងតម្កល់សពវត្តទឹកថ្លា រួចជនសង្ស័យឈ្មោះ ង្វៀង យុំាងចូវ និងឈ្មោះ ង្វៀង ធីយុំាង បាននាំគ្នាជិះម៉ូតូចេញទៅបាត់ ។

លោកអធិកាបញ្ជាក់ទៀតថា បន្ទាប់មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវ រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង៣០នាទី បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ង្វៀង យុំាងចូវ នៅចំណុចកើតហេតុខាងលើ និងបានបន្តឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ង្វៀង ធីយុំាង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៣០នាទី នៅចំណុចកើតហេតុខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ហើយជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះបណ្តាឲ្យស្លាប់ពិតប្រាដកមែន ចំណែកឈ្មោះ ធូ គេចខ្លួន ហើយសមត្ថច្ចរបស់លោកកំពុងស្រាវជ្រាវ និងតាមចាប់ខ្លួនជននេះដែលកំពុងរត់គេចខ្លួននោះបន្តទៀត ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖