ព័ត៌មានទាន់ហេតុការណ៍៖

លោកប្តីផឹកស្រវឹងមកដល់ផ្ទះ ដាល់ប្រពន្ធមួយដៃ ប្រពន្ធខឹងទាញឈើជ្រុងសំពងបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ពេលមកដល់ផ្ទះក៏កើតទំនាស់ពាក្យសម្តីជាមួយប្រពន្ធរហូតឈានទៅដល់ប្រើហិង្សា ដោយបុរសជាប្តីបានដាល់ប្រពន្ធមួយដៃចំមុខ ធ្វើឲ្យស្រ្តីជាប្រពន្ធខឹងទាញឈើជ្រុងសំពងបែកក្បាលដេរជាច្រើនថ្នេរ ។

ករណីហិង្សាខាងលើនេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ២២៤ ផ្លូវលេខ១៣២z ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសម្តីស្រ្តីជាប្រពន្ធ និងជាជនដៃដល់ មានឈ្មោះ សំ ស្រីលក្ខណ័ ភេទស្រី អាយុ៣៦ឆ្នាំ បានឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ ពៅ ដេត ភេទប្រុស អាយុ៤៦ឆ្នាំ បានមានទំនាក់ស្នេហាជាមួយគ្នា អស់រយះពេលជាង៣ឆ្នាំមកហើយ កាលនោះរូបគាត់ជាអ្នកចម្រៀងដើរច្រៀងតាមហាងនិងបៀរកាឌេនពេលយប់ ចំណែកប្តីរបស់ជាអ្នករត់ម៉ូតូពេលយប់ដូចគ្នា ហើយដឹកគាត់ទៅច្រៀងតាមហាងរាល់យប់ ដោយដឹករូបគាត់មិនយកលុយនោះទេ ដោយមានការអាណិតអាសូរ និងពោះម៉ាយដូចរូបគាត់ដែរ កើតមានចិត្តស្រឡាញ់គ្នាឈានដល់ការរស់នៅជាមួយគ្នា ក្នុងផ្ទះតែមួយរហូតដល់សព្វថ្ងៃនេះ ដោយមិនបានរៀបការនឹងគ្នានោះទេ ។

ស្រ្តីជាប្រពន្ធបន្តទៀតថា មុនពេលកើតហេតុ ប្តីរបស់គាត់បានទៅផឹកសុីនៅផ្ទះបងប្អូន លុះផឹកសុីចប់ ក៏ត្រឡប់មកវិញ ដោយខ្លួនស្រវឹងស្រាហើយបានមកដល់ផ្ទះ ក៏រករឿង និងរអ៊រទាំ រហូតទាស់សំដីគ្នាទៅវិញទៅមក ស្រាប់តែពេលនោះប្ដីរបស់គាត់បានស្ទុះមកដាល់គាត់មួយដៃចំមុខឡើងវង្វេង ដោយទ្រាំមិនបានគាត់ក៏ឃើញឈើជ្រុលនៅក្បែរខ្លួន រួចទាញយកមកវាយមួយឈើជ្រុងបណ្តាលបែកក្បាលតែម្តង ។ ភ្លាមនោះត្រូវបានអ្នកជិតខាងដឹកបញ្ជូនមកមន្ទីរពេទ្រលោកសង្ឃ ដើម្បីព្យាបាលរបួសផងដែរ ។

បន្ទាប់ពីកើតហិង្សា រួចហើយបងស្រីបុរសរងគ្រោះ បាននាំជនរងគ្រោះជាប្អូនប្រុស និងស្រ្តីជាប្រពន្ធ ទៅប៉ុស្តិ៍នគរបាលដ្ឋបាលទឹកល្អក់១ ដើម្បីឲ្យសមត្ថកិច្ចជួយ ដោះស្រាយផង និងសូមឲ្យប្អូនប្រុសរបស់គាត់លែងលះគ្នាជាមួយស្ត្រីដែលជាប្រពន្ធឲ្យដាច់ស្រេចទៅ ។ ចំណែកស្ត្រីជាប្រពន្ធ សុំឲ្យសមត្ថកិច្ចជួយធ្វើកិច្ចសន្យាលែងលះគ្នាតាមនីតិវិធីផងដែរ ៕ ស តារា


ចែករំលែក៖