ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីគយខេត្តកំពង់ឆ្នាំងម្នាក់ត្រូវរថយន្តវីអាយភី របស់ក្រុមហ៊ុន ខេមបូត្រាអ៊ិចប្រេស្ស បុកស្លាប់លើផ្លូវជាតិលេខ៥

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មន្រ្តីគយម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីមានរថយន្តមួយគ្រឿងជាប្រភេទរថយន្ត វីអាយភីរបស់ក្រុមហ៊ុន របស់ក្រុមហ៊ុន ខេមបូត្រាអ៊ិចប្រេស្ស បានបើកបុកចំពេញមួយទំហឹង ប៉ើងធ្លាក់ផ្លូវ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្បែសាខាគយខេត្តកំពង់ឆ្នាំង ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជាប់ព្រំប្រទល់ក្រុងកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វិន ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាអ្នកបម្រើការងារនៅសាខាគយខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៨ ពាក់ស្លាកលេខ កំពង់ឆ្នាំង ១H-៩១៩៩ ធ្វើដំណើរ ក្នុងទិសដៅពីកើតទៅលិច នៅពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានបើកឆ្លងផ្លូវ ចូលកន្លែងធ្វើការ ស្រាប់តែពេលនោះ ក៏មានរថយន្តមួយគ្រឿង ជាប្រភេទរថយន្តដឹកអ្នកដំណើរ វីអាយភី របស់ក្រុមហ៊ុនក្រុមហ៊ុន ខេមបូត្រា អ៊ិចប្រេស្ស បើកយ៉ាងលឿន ពាក់ស្លាកលេខ ភ្នំពេញ ២Z-៤៦៥៩ បានបើកជែង ក៏ជ្រុលទៅបុកម៉ូតូពេញមួយទំហឹងតែម្តង បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះខ្ទាតធ្លាក់ពីលើផ្លូវ ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តចុះពីលើរថយន្តបានបើករត់គេចបាត់ស្រមោល ចំណែកមធ្យោបាយបង្ក ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖