ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីរកស៊ីផ្លូវភេទ២នាក់លួចទូរស័ព្ទដៃភ្ញៀវ ត្រូវបានសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍ទួលសង្កែទី១

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់នាំគ្នាផឹកស៊ីស្រវឹង បែកគំនិតគិតថា ចង់សប្បាយ ក៏បបួលគ្នាទៅរកនារីស្ត្រីរកស៊ីផ្លូវភេទនៅវត្តភ្នំ ដើម្បីគេងជាមួយ មិនទាន់នឹងបានឡើងឋានសួគ៌ផង ក៏ត្រូវស្ត្រីរកស៊ីផ្លូវភេទនោះ លួចយកទូរស័ព្ទដៃម៉ាក iPhone6 បាត់ មួយសន្ទុះក្រោយមក ក៏ផ្អើលដល់សមត្ថកិច្ចឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨ តាមបណ្តោយផ្លូវទំនប់៧០ នៅចំណុចរ៉ារថភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ មានឈ្មោះ ចាន់ សំអែល ភេទស្រី អាយុ២០ ឆ្នាំ មុខរបរបម្រើសេវាផ្លូវភេទ ស្នាក់នៅផ្លូវរ៉ារថភ្លើង ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ និងទី២មានឈ្មោះ ហាន សីហា ភេទប្រុស អាយុ២៨ ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ និងទី៣មានឈ្មោះ ជា សំអាត ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុខ្លួនពីរនាក់មិត្តភក្តិបានផឹកស៊ីស្រវឹងស្រាហើយគិតថា ចង់ទៅសប្បាយដោយបបួលគ្នាទៅយកស្រីនៅវត្តភ្នំដេក ខណៈដែលជិះម៉ូតូទៅដល់កន្លែងរួច ក៏បានយកនារីបម្រើផ្លូវភេទ២នាក់ទៅដេកក្នុងតំលៃ៥ម៉ឺនរៀល យកទៅដេកនៅផ្ទះសំណាក់ម្តុំបឹងកក់ក្បែរនឹងវិហារចាម ខណៈ ដែលជួលបន្ទប់បម្រុងនឹងគេងហើយ ប៉ុន្តែនារីរកស៊ីផ្លូវភេទ២នាក់នោះ បានអូសពេលធ្វើជាខ្ចីទូរស័ព្ទដៃរបស់គាត់ម៉ាកiPhone6 យកមកចុចលេង ភ្លាមៗនោះ ដែរគាត់ ក៏ភ្លេចខ្លួនមួយភ្លេត ក៏ត្រូវជនសង្ស័យ២នាក់នោះយកទូរស័ព្ទដៃហើយរត់ចេញទៅបាត់ ដោយបក្ខពួកម្នាក់ទៀតធ្វើជាអ្នករត់ម៉ូតូឌុបដឹកចេញទៅបាត់ ហើយគាត់(ជនរងគ្រោះ) ក៏បានជិះម៉ូតូដេញតាមរកជនសង្ស័យទៅដល់ចំណុចផ្លូវទំនប់70 កែងផ្លូវរ៉ារថភ្លើង ក៏បានឃើញជនសង្ស័យកំពុងតែឈរនៅលើផ្លូវ ក៏ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ឲ្យឃាត់ខ្លួនយកទៅប៉ុស្តិ៍ដើម្បីសួរនាំ ។

នៅមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែយកទៅបញ្ចាំបានលុយ១៥ម៉ឺនរៀលប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងខាងលើនេះ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ចាន់ធឿន


ចែករំលែក៖