ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើ ដោយមានរថយន្តមួយគ្រឿង បានបុកជាមួយម៉ូតូ២គ្រឿង បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ និងស្រាល ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៩ និង៤០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦៧ ក្នុងភូមិឃ្លាំងកណ្តាល ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងថយន្តបុកម៉ូតូចំនួន២គ្រឿង ដោយអ្នកបើកបររថយន្ដឈ្មោះ ចែម ផាន្នី ភេទប្រុស អាយុ៤៦ឆ្នាំរស់ភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បើកបររថយន្ដម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ស៊េរី២០០១ ពាក់ស្លាកលេខ ភ្នំពេញ 2AA-8593 រងរបួសស្រាល បានបុកម៉ូតូទី១ បើកបរដោយឈ្មោះ ជុំ ជិត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឯកភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង មុខរបរធ្វើការនៅកាស៊ីណូ បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ ពណ៌ខ្មៅ គ្មានស្លាកលេខ បណ្តាលឲ្យរងរបួសធ្ងន់ និងម៉ូតូត្រូវខូច, អ្នករួមដំណើរជាមួយម្នាក់ឈ្មោះ ស៊ា ស៊ាង ភេទស្រី អាយុ១៨ ឆ្នាំ រស់នៅភូមិស្រឡៅស្រោង ឃុំលំទង ស្រុកអន្លង់វែង បណ្តាលឲ្យស្លាប់ នៅកន្លែងកើតហេតុ និងបន្តបុកម៉ូតូទី២ បើកបរដោយឈ្មោះ ទីន សូម៉ា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បើកបរម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរី២០១៥ បណ្ដាលឲ្យរងរបួសធ្ងន់ និងម៉ូតូរងការខូចខាត ។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តស្រវឹង ទើបបង្កគ្រោះថ្នាក់បែបនេះតែម្តង ។
ក្រោយកើតហេតុ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអធិការដ្ឋាននគរបាលស្រុក បានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ និងជួយអន្តរាគមន៍យកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យស្រុក និងធ្វើកំណត់ហេតុដកហូតវត្ថុតាង យកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ប៉ែន នួន