ព័ត៌មានទាន់ហេតុការណ៍៖

បើកលឿនខ្វះការប្រុងប្រយ័ត្ន ងោកមួយភាំង រេចង្កូតធ្លាក់ចូលស្រះចិញ្ចឹមត្រី

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ទាំងងងុយដេកងោកមួយភាំងរេចង្កូតបុកបង្កោលរបាំងផ្លូវធ្លាក់ចូលស្រះចិញ្ចឹមត្រីលិចបាត់តែម្តង ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៣ និង១៥នាទីរសៀល ត្រង់ចំណុចមុខផ្ទះសុខតាយលើផ្លូវជាតិលេខ៥ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ដោយខ្លូនឯង បើករថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2788 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង បើកបរដោយឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងខ្នារឃុំបឹងខ្នារស្រុកបាកានខេត្តពោធិ៍សាត់ លុះមកដល់កន្លែងកើតហេតុ ក៏បានរ៉េចង្កូតបុកបង្គោលថ្មរបាំងផ្លូវហើយជ្រុលចង្កូតទៅចូលស្រះត្រីរបស់ឈ្មោះ ហ៊ិន គឹមវ៉ា ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តែម្តង ។

សមត្ថកិច្វបន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះពុំបង្កឲ្យមានអ្នកណារងរបួសឬបាត់បង់អាយុជីវិតនោះទេ គ្រាន់តែខូចសម្ភារៈក្នុងស្រះត្រី និងរថយន្តហើយបាក់បង្គោលរបាំងផ្លូវអស់ចំនួន៣ដើមតែប៉ុណ្ណោះ ។

សមត្ថកិច្ចបញ្ជាក់ប្រាប់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលមកពីអ្នកបើកបរងងុយដេក និងការបើកបរលឿនមិនមានការប្រុងប្រយ័ត្នទើបបង្កការគ្រោះថ្នាក់បែបនេះ ។

ក្រោយកើតហេតុខាងភាគីរថយន្តបានធ្វើការសម្របសម្រួលចេញសំណងការខូចខាតដល់ភាគីស្រះត្រី និងជួជុលបង្គោលផ្លូវបញ្ចប់រឿងតែម្តងនៅកន្លែងកើតហេតុ ៕ ធឿន


ចែករំលែក៖