ភ្នំពេញ៖ នារីម្នាក់បានដើរមករកលោតទឹកពីលើស្ពានជ្រោយចង្វាថ្មី សង្ស័យបែកថ្នាំ ត្រូវបានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វាជួយចាប់ទាន់ បង្កការណ៍ភ្ញាក់ផ្អើលកាលពីម៉ោងជិត៩ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចលើស្ពានជ្រោយចង្វាថ្មី ស្ថិតក្នុងភូមិដើមគ សង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។
សមត្ថកិច្ចបានឲ្យដឹងថា នារីដែលរកលោតទឹកសម្លាប់ខ្លួននេះ មានឈ្មោះ ម៉ន ស្រីនូ អាយុជាង២០ឆ្នាំ មិនដឹងកន្លែងស្នាក់នៅ ។
ប្រភពពត៌ពីបុរសម្នាក់ដែលជាកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌជ្រោយចង្វរដាក់គោលដៅយាមកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគាត់បានប្រទះឃើញនារីរូបនេះ បានធ្វើដំណើរថ្មើជើងឡើងលើស្ពានក្នុងទិសដៅពីត្រើយខាងលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែនាងបានឡើងលើបង្កាន់ដៃស្ពានបម្រុងលោតចុះទៅក្នុងទឹក ក៏ត្រូវបានរូបគាត់ស្ទុះទៅចាប់ទាន់យកមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំ តែបែរជានាងនិយាយទៅមុខ ទៅក្រោយ មិនដឹងខុសត្រូវ និងបានជេប្រមាថទៅលើកម្លាំងសមត្ថកិច្ច និងកម្លាំងសណ្ដាប់ធ្នាប់ ពួកគាត់ ថា ពួកឯងមកឃាត់អញធ្វើអី អញចង់ងាប់ ដោយសារពួកឯង មកចាប់ ទើបអញ មិនងាប់ ។
បន្ទាប់មក កម្លាំងសមត្ថកិច្ច និងកម្លាំងសណ្ដាប់ធ្នាប់ដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាត្រើយខាងកើត បានហៅរ៉ឺម៉កម៉ូតូកង់បី និងបានចាប់លើកដាក់លើរឺម៉កម៉ូតូកង់បីយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលជ្រោយចង្វា ដើម្បីស្វែងរកក្រុមគ្រួសារ ៕ ជ្រោយពេជ្រ
រ