ខេត្តពោធិ៍សាត់៖ ជនសង្ស័យជាជាងកែច្នៃឈើ នៅក្នុងសិប្បកម្មមួយកន្លែង ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាប់ដាក់ខ្នោះ បន្ទប់ពីបុរសដៃដល់រូបនេះ បានវាយក្បាលគេ ១កែវបែក ៧សង្ទីម៉ែត្រ នៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់អ្នកភូមិផងរបងជាមួយ ដោយគេអះអាង គ្មានមូលហេតុអ្វីច្បាស់លាស់ទាល់តែសោះ ។
ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៩ និង២៩នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចកម្មវិធីឡើងគេហដ្ឋានថ្មីមួយ ស្ថិតក្នុងភូមិកណ្ដាល ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនសង្ស័យដៃដល់ឈ្មោះ ប៊ុន សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ..ឃុំកើតហេតុខាងលើ មានមុខរបរជាជាងកែច្នៃឈើនៅសិប្បកម្មមួយកន្លែង ចំណែកជនរងរបួសបែកក្បាលប្រវែង ៧សង្ទីម៉ែត្រឈ្មោះ ហាក់ សឿង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នាខាងលើ មានមុខរបរកម្មករ ។
លោក វរសេនីយ៍ឯក ធាង ឡេង បន្តថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងកម្មវិធីឡើងគេហដ្ឋានរបស់អ្នកភូមិជាមួយគ្នា ប៉ុន្តែពុំទាន់ដឹងអំពីមូលហេតុ ឬផ្ដើមចេញពីអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ ខណៈបញ្ហាខាងលើនេះ អ្នកទាំងពីរនាក់មានសភាពស្រវឹងជោកដូចគ្នា ប៉ុន្តែទោះជាយ៉ាងណាក្ដី ជនសង្ស័យដៃដល់យកកែវវាយក្បាលជនរងគ្រោះ នាកន្លងមក ធ្លាប់បានអប់រំក្នុងករណីគ្រឿងញៀនផងដែរពីសំណាក់នគរបាល ។
លោក បន្តទៀតថា ដោយប៉ុស្ដិ៍រដ្ឋបាលអូរសោមនៅឆ្ងាយផ្លូវ ក៏ពិបាកក្នុងការធ្វើដំណើរមានយឺតយ៉ោវ ដូច្នេះករណីនេះ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកវាលវែង កំពុងបំពេញនីតិវិធីដើម្បីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន