ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចាត់វិធានការក្តៅទៅលើរថយន្តដឹកខ្សាច់ ដែលធ្វើចរាចរណ៍ចូលក្រុងទាំងថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ មិនមែនជាលើកទី១នោះទេ ដែលគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅចាត់វិធានការក្តៅទៅលើរថយន្តធុនធ្ងន់ និងរថយន្តដឹកខ្សច់គ្រប់ប្រភេទ ដែលបើកឆ្លងកាត់ចូលរាជធានីភ្នំពេលក្នុងម៉ោងហាមឃាត់ ចំណាត់ការនេះ បានធ្វើឡើងច្រើនលើកច្រើនសារមកហើយ ពេលចាប់ម្តងៗមានទូរស័ព្ទអន្តរាគមន៍ឆ្វេចឆ្វាច ប៉ុន្តែអ្នកអន្តរាគមន៍នោះ មិនគិតពីផលវិបាករបស់អាជ្ញាធរឡើយ មួយថ្ងៃៗ ទទួលរងនូវការរិះគន់ពីមហាជនគ្រប់មជ្ឈដ្ឋាន ដោយសាររថយន្តធុនធំ និងរថយន្តដឹកខ្សាច់ បើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរបង្កការកកស្ទះ រំខានដល់ពេលវេលាទៅធ្វើការ និងទៅរៀនសូត្រ ។​

ដើម្បីជាព្រមានដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកដី ដឹកខ្សាច់ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងតំណាងលោកអភិបាលខណ្ឌ បានចុះចាប់រថយន្តដឹកខ្សាច គ្រប់ប្រភេទជិត១០គ្រឿង ដែលបើកចូលរាជធានីភ្នំពេញខុសម៉ោងធ្វើចរាចរ ពោលគឺបើកចូលក្រុង ល្មើសនឹងសារាចរណ៍ណែនាំរបស់សាលារាជធានីភ្នំពេញ ។​

លោក រស់ សុភ័ក្ត អភិបាលរង បានឲ្យដឹងថា រថយន្តដឹកដី ដឹកខ្សាច់ ដែលគណៈបញ្ជាការឯកភាពខណ្ឌចាប់ជិត១០គ្រឿង ដោយសារតែរថយន្តទាំងអស់នេះបើកចូលរាជធានីភ្នំពេញល្មើស និងការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជាការណែនាំរបស់សាលាខណ្ឌច្បារអំពៅ ។​ ចំណាត់ការនេះ ជាការព្រមានដល់ម្ចាស់រថយន្តដឹកខ្សាច់ ដឹកដី និងម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធុនធ្ងន់ ឲ្យភ្ញាក់រលឹកចូលរួមអនុវត្តតាមស្មារតី នៃសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ។​

លោកអភិបាលរងបន្តថា រថយន្តដឹកដី ដឹកខ្សាច់ ដែលគណៈបញ្ជាការឯកភាពខណ្ឌ ចាប់នេះដើម្បីឲ្យម្ចាស់រថយន្ត និងម្ចាស់ក្រុមហ៊ុនធ្វើកិច្ចសន្យាឈប់បើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ទៀត ព្រោះធ្វើឲ្យកកស្ទះចរាចរ ខាតពេលវេលាដល់សិស្សានុសិស្ស និងមន្ត្រីរាជការ ។​ ប៉ុន្តែការចាប់នេះ មិនតម្រូវឲ្យផាកពិន័យនោះទេ គឺរក្សាទុកមួយរយៈពេលខ្លី ដើម្បីឲ្យម្ចាស់រថយន្តធ្វើយ៉ាងណាបោសសំអាតដីខ្សាច់ ដែលធ្លាក់មកលើផ្លូវ និងលៀងផ្លូវឲ្យស្អាត បន្ទាប់មកធ្វើកិច្ចសន្យា បើនៅតែបំពានលើកិច្ចសន្យា ល្មើស និងការណែនាំរបស់សាលារាជធានីភ្នំពេញទៀតនោះ ចាប់បានលើកក្រោយ និងបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ។​

ក្នុងនាមអាជ្ញាធរសូមស្នើសុំឲ្យម្ចាស់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនធុនធ្ងន់ និងម្ចាស់រថយន្តដឹកខ្សាច់ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញឲ្យមានប្រសិទ្ធភាព ដើម្បីសណ្តាប់ធ្នាប់ល្អមានរបៀបរៀបរយក្នុងការធ្វើដំណើរ ចេញ ចូលរាជធានីភ្នំពេញ ៕ សណ្តោស


ចែករំលែក៖