ខេត្តកំពង់ស្ពឺ: ជនសង្ស័យម្នាក់ដែលធ្លាប់កាប់គេឲ្យរងរបួសធ្ងន់ ហើយបានគេចខ្លួនទៅរស់នៅ ផ្ទះបងប្អូននៅខេត្តឆ្ងាយជិត២ឆ្នាំមកនោះ នៅវេលា ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ បានព្រើអំពើហិង្សា កាប់ជនរងគ្រោះម្នាក់ទៀតឲ្យរងរបួស នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ តែម្តងនេះរត់មិនរួច ត្រូវសមត្ថកិច្ចតាមក្របួចទាល់តែបាន។
មន្រ្តនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ រិន ឈាន ភេទប្រុស អាយុ៣៧ឆ្នាំ នៅលើកទី២នេះបានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះឈ្មោះ សែម រ៉ី ភេទប្រុស អាយុ៣៧ឆ្នាំ ចំនួន៤កាំបិតបណ្តាលឲ្យរបួសធ្ងន់ ខណ:ដែលជនល្មើសនិងជនរងគ្រោះ ផឹកស្រាតែ២នាក់ហើយទាស់សម្តីគ្នា ។
ក្រោយហេតុការណ៍នេះកើតឡើង ជនសង្ស័យបានរត់ចូលព្រៃគេចខ្លួន តែរហូតដល់ថ្ងៃ ម៉ោង១២និង៣០នាទីរសៀល ថ្ងៃ អាទិត្យ ១០រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៨ ទើបនគរបាលព្រហ្មទណ្ឌ ស្រុកឱរ៉ាល់ និងភ្នំស្រួច ឃាត់ខ្លួនបានជាមួយវត្ថុតាងកាំបិតផ្គាក់មួយដើមពេលគេយកទៅលាក់ទុកក្នុងព្រៃផងដែរ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ។
តាមចម្លើយសារភាពរបស់ជនសង្ស័យប្រាប់ថា ខ្លួនគេធ្លាប់កាប់ជនរងគ្រោះឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ៣ ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង បណ្តាលឲ្យរបួសធ្ងន់ កាលពីឆ្នាំ២០១២ ម្តងរួចហើយដោយបង្កហេតុរួចខ្លួនគេបានរត់គេចខ្លួន ទៅរស់នៅជាមួយប្អូន នៅស្រុកព្រែកប្រសប់ខេត្តក្រចេះ៕ សហការី