ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ និងគ្រឿងញៀន៤៦កញ្ចប់តូច ត្រូវឃាត់ខ្លួន នៅទីតាំងផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតគ្រឿងញៀន៤៦កញ្ចប់នៅចំណុច២ទីតាំងផ្សេងគ្នា ។

ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅម៉ោង១១ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយកម្លាំងនគរបាលបានបន្តឆែកឆេរ និងឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលខណ្ឌដង្កោបានឲ្យដឹងថា កម្លាំងរបស់លោកបានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វុន លីន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅស្ថិតនៅភូមិទឹកនឹម ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដកហូតបានក្រាមពណ៌សថ្លាចំនួន៤៦កំណាត់ទុយោជ័រ,ម៉ូតូ១គ្រឿងម៉ាកហុងដា (សង់ប៊ិច) សេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BF-5522 បញ្ជូនមកធើ្វការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងបន្តឃាត់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទឹកនីម ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្ថែមទៀត ដោយដកហូតបានម៉ូតូសង់ប៊ិច ពណ៌ខៀវ កាំស ដោះកាង បិទតែមកំបាំងពណ៌លឿង ចំនួន១គ្រឿងផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបាននគរបាលរក្សាទុក និងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ

 


ចែករំលែក៖