ភ្នំពេញ៖ បុរសម្នាក់ ត្រូវកម្លាំង នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការទៅតាមនិតិវិធី កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ហើយរត់គេចខ្លួនបាត់រយៈពេលជិត៣ឆ្នាំ ហើយស្មានតែ អាចរួចពីសំណាញ់ច្បាប់ ពេលដែលភ្លេចខ្លួនត្រឡប់មកវិញ សមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
មន្រ្តីនគរបាល ខណ្ឌឫស្សីកែវ បានឲ្យដឹងថា ករណីស្រាវជ្រាវ ចាប់ខ្លួនជនដៃដល់ខាងលើនេះ បានធ្វើឡើង នៅរសៀលថ្ងៃទី២ ខែធ្នូឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ដោយអនុវត្តទៅតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០៨ ត.ព្រ ចុះថ្ងៃទី០៤ ខែមិនាឆ្នាំ២០១៥ ក្នុងករណី «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤«ពោល គឺបានប្រព្រឹត្តកាលពីជិត៣ឆ្នាំមុនមកម្លេះ» នៅត្រង់ចំណុចខាងមុខផ្ទះលេខ១៥១អឺ ផ្លូវជាតិលេខ៥ ក្រុម៥ ភូមិ៣សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ លី ឡាវី ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទៅតាមដីកាបង្គាប់របស់តុលាការ ក្នុងករណីហិង្សាដោយចេតនា រហូតមកដល់ព្រឹកថ្ងៃទី៣ ខែធ្នូនេះ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ អារុណរះ