ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនក្មេងទំនើង២នាក់ ទៅតុលាការ ក្រោយប្រើដាវ និងដំបងដែកវាយកទ្ទេចរថយន្តមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ កម្លាំនគរបាលខណ្ឌចំការមន បានបញ្ជូនខ្លួនក្មេងទំនើង២នាក់ ក្នុងចំណោមបក្ខពួក៧នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ខណៈដែលក្មេងទំនើងមួយក្រុម បានធ្វើសកម្មភាពវាយបំផ្លាញរថយន្តម៉ាកតូយ៉ូតា តាកូម៉ា មួយគ្រឿងនិងសម្ភារមួយចំនួននៅក្នុងយានដ្ឋានលាងរថយន្តពេញចិត្ត ខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះលេខ១០៨ ផ្លូវលេខ១៧៣ ក្រុម ៤៧ ភូមិ ៧ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ហើយនាំគ្នារត់គេចខ្លួនបាត់ ។

មន្រ្តីនគរបាលខណ្ឌចំការមន បានឲ្យដឹងថា ក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួន២នាក់នេះ ទី១-ឈ្មោះ នៅ វ៉ាន់ឆៃ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើ ស្លាកយីហោ ស្នាក់នៅផ្ទះលេខ ៥៩F ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ( គ្មានប្រើសារធាតុញៀន) ; និងទី២-ឈ្មោះ សូ ធិ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ខ្មែរ មុខរបរ កម្មករធ្វើស្លាក យីហោ ស្នាក់នៅផ្ទះលេខ ៥៩F ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន (គ្មានប្រើសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ សោម សុផល ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ខ្មែរ មុខរបរ នគរបាលក្រសួង( សេនាធិការ ) ស្នាក់នៅផ្ទះលេខ ១០៨ ផ្លូវ ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។ សម្ភារខូចខាត ៖ រថយន្ត ០១ គ្រឿង ម៉ាក TACOMA ពណ៌ ទឹកប្រាក់ 2AF-2111 ភ្នំពេញ បណ្តាលឲ្យកំពិតតួរថយន្តខាងក្រោយផ្នែកខាងស្តាំ ចំនួន ០២ កន្លែង ជិតភ្លើងស្តុបក្រោយ ។

វត្ថុតាងដកហូត ៖ ដំបងដែកប្រវែង ១ម៉ែត្រ ចំនួន ០២ ដើម ,ដំបងដែក កន្លះម៉ែត្រ ចំនួន ០៣ ដើម ,ដាវប្រវែង កន្លះម៉ែត្រ ០១ ដើម ,ដុំថ្ម ចំនួន ០៥ ដុំ ( របស់ជនសង្ស័យ ) ។

មន្រ្តីដដែលបន្តទៀតថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ ជនសង្ស័យឈ្មោះ នៅ វ៉ាន់ឆៃ និងឈ្មោះ រុស បានជិះម៉ូតូមួយគ្រឿង ម៉ាក MD ពណ៌ ក្រហម គ្មានស្លាកលេខ ក្នុងគោលបំណងទៅទិញស្រាថ្នាំ នៅម្តុំវត្តទួលទំពូង ដោយធ្វើដំណើរតាមបណ្តោយ ផ្លូវលេខ១៧៣ ពេលធ្វើដំណើរមកដល់យានដ្ឋានលាងរថយន្ត ពេញចិត្ត ក៏ស្រាប់តែមាន កម្មករលាងរថយន្តពេញចិត្តម្នាក់ យកដែកគុបមកលើជនសង្ស័យ ( ដែកបួនជ្រុង ប្រវែងកន្លះម៉ែត្រ ) ត្រូវជើងជនសង្ស័យខាងឆ្វេង ( របួសស្រាល ) ។ បន្ទាប់មកជនសង្ស័យបានជិះ ម៉ូតូត្រឡប់ទៅផ្ទះវិញ ហើយបានប្រាប់កម្មករដែលធ្វើការជាមួយគ្នាចំនួន៥នាក់ទៀត ដោយកាន់ដំបង និងដាវ ចូលទៅក្នុងយានដ្ឋានលាងរថយន្តពេញចិត្ត ដោយគុបដុំថ្ម និងវ៉ៃរថយន្ត សម្ភារផ្សេងៗ ហើយនាំគ្នាគេចខ្លួនបាត់អស់ ។ លុះដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីរសៀល កម្លាំងសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ទួលស្វាយព្រៃ១ បានទទួលពាក្យបណ្តឹង រួចក៏ចុះទៅឃាត់ខ្លួន២នាក់ខាងលើ ចំណែកជនសង្ស័យម្នាក់ទៀត០៥នាក់ទៀត មិនស្គាល់ឈ្មោះ គេចខ្លួនបាត់អស់ ។

បច្ចុប្បន្ន ក្មេងទំនើង២នាក់ខាងលើនេះ ត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅរសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ៕ ស រស្មី


ចែករំលែក៖