ភ្នំពេញ: យុវជនម្នាក់បើកម៉ូតូប៉ះជាមួយរថយន្តនៅផ្លូវបែកជាបួនបណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនឹងផ្លូវម៉ៅសេទុង
ចំណុចស្តុបសន្ធរម៉ុក ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-8594 ធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងជើង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតប៉ះជាមួយរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-3731 បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តគ្លីនីកហុង ហាក់ដឹកយកទៅសង្គ្រោះភ្លាមៗ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ជ្រោយពេជ្រ