ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះយកសិលាចារឹកមានតម្លៃ១ផ្ទាំងទៅរក្សាទុកនៅសារមន្ទីរជាតិ ពលរដ្ឋទូងស្គរប្រកាសអាសន្នបាត់ទាំងផ្ទាំងសិលានិងចៅអធិការវត្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក ហម គឹមសុន អគ្គនាយករងបេតិកភណ្ឌបានឲ្យដឹងនៅព្រឹកថ្ងៃសុក្រ ១៥រោច ខែកត្តិក ឆ្នាំ ច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះថា សិលាចារឹកមួយផ្ទាំង មុនសម័យអង្គរដែលរកឃើញក្នុងវត្តគិរីស្តេចគង់ ដោយចារឹកអក្សរមួយឃ្លាថា «សុវណ្ណភូមិ» ហើយមានតម្លៃដ៏មហា សាល និងជាសម្បត្តិបេតិកភណ្ឌជាតិដ៏មាន តម្លៃសម្រាប់ការស្រាវជ្រាវជាប្រវត្តិសាស្រ្ត សម្រាប់ជាតិទាំងមូលបានបាត់ដោយមិនដឹងមូលហេតុ ។

លោកថា សិលាចារឹកមួយផ្ទាំងនេះមានតម្លៃណាស់ក្នុងចំណោម៣៦ផ្ទាំងដែល សរសេរចារឹកថា «សុវណ្ណភូមិ» មុនសម័យ អង្គរ (សតវត្សទី៧) ដែលរកឃើញក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួចទុកនៅវត្ត គិរីស្តេចគង់តែឥឡូវនេះបានបាត់ហើយ ខណៈដែលសមត្ថកិច្ចព្យាយាមយកសិលាចារឹកនោះ ទៅរក្សាទុកនៅសារមន្ទីរជាតិជាលើកទី៣តែកន្លងមកព្រះចៅអធិការវត្តគិរីស្តេចគង់ មិនព្រមប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុកឲ្យបានគត់មត់ ។

លោកអគ្គនាយករងបានបន្តទៀតថា នេះជាលើកទី៣ហើយដែលក្រុមការងារបានចុះមកដកហូតយកផ្ទាំងសិលាដ៏កម្រនេះ ប៉ុន្តែព្រះចៅអធិការវត្តគិរីស្តេចគង់បានកែនបងប្អូនប្រជាពលរដ្ឋមករារាំងមិនឲ្យក្រុមការងារនាំយកវត្ថុមានតម្លៃនេះទៅរក្សា ទុកក្នុងសារមន្ទីរជាតិនោះទេ។ តែនៅថ្ងៃ នេះកម្លាំងចម្រុះបានឆែកឆេររកវត្ថុមាន តម្លៃរបស់ជាតិខ្មែរមួយនេះបែរជាមិនឃើញ ព្រោះត្រូវព្រះចៅអធិការវត្តរំដោះចេញពី កន្លែងរក្សាទុកទៅបាត់ ហើយព្រះចៅអធិការវត្តអង្គនោះក៏បានគេចព្រះកាយបាត់ដែរ ដោយមិនព្រមប្រគល់ផ្ទាំងសិលានោះ មកសមត្ថកិច្ចដាច់ខាត ។

ចំណែកប្រជាពលរដ្ឋ លោកយាយ លោកតា មួយចំនួនរស់នៅក្បែរៗវត្តបាន មកតវ៉ាជាមួយសមត្ថកិច្ចហាក់បីដូចជា មានការចាត់តាំងច្បាស់លាស់ ពីព្រះចៅ អធិការវត្តរហូតមានការទូងស្គរប្រកូក ប្រកាសដើម្បីតវ៉ាមិនព្រមប្រគល់វត្ថុមាន តម្លៃឲ្យសមត្ថកិច្ចយកទៅដាក់ក្នុងសារមន្ទីរ ជាតិទេ ។

ក្នុងឱកាសនោះ លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានព្យាយាម ពន្យល់ដល់ប្រជាពលរដ្ឋដែលមកតវ៉ានោះថា សិលាចារឹកដ៏មានតម្លៃសម្រាប់ជាតិ មួយផ្ទាំងនេះ ចាំបាច់ត្រូវការថែរក្សាពីមន្ត្រីជំនាញបេតិកភណ្ឌ និងមានកន្លែងទុកដាក់ថែទាំត្រឹមត្រូវ ពីសារមន្ទីរជាតិមិនអាចធ្វេស ប្រហែសបាននោះទេ។ នេះជាសម្បត្តិ វប្បធម៌ជាតិដ៏កម្រ និងមានតម្លៃមិនអាច កាត់ថ្លៃបានឡើយ ។

លោកអភិបាលរងបន្តដោយសង្កត់ធ្ងន់ ថា បើផ្ទាំងសិលាដ៏មានតម្លៃនេះពិតជាបានបាត់បង់មែនអ្នកទទួលខុសត្រូវនឹងទទួលទោសតាមច្បាប់កំណត់ ពីព្រោះវត្ថុដ៏មានតម្លៃសម្រាប់មនុស្សជាតិត្រូវការចាំបាច់ថែរក្សាឲ្យកូនខ្មែរជំនាន់ក្រោយបានឈ្វេង យល់ ។

រីឯចេតនាទាំងមូលរបស់ក្រុមការងារការពារបេតិកភណ្ឌ គឺត្រូវតែយកផ្ទាំង សិលានេះមកថែរក្សា និងសិក្សាពីសិលាចារឹកដ៏មានតម្លៃនេះមកតាំងក្នុងសារមន្ទីរជាតិឲ្យបានគង់វង្សមិនប្រកាន់ថាជារបស់នរណាម្នាក់ឡើយ គឺជាសម្បត្តិវប្បធម៌តែ មួយរបស់ខ្មែរ តែត្រូវបរាជ័យជាលើកទី៣ ដោយទង្វើ និងចេតនារំដោះពីសំណាក់ ព្រះចៅអធិការវត្តខាងលើហើយចុងក្រោយ បានបាត់ចេញពីកន្លែងថែរក្សាទុកថែមទៀត ។

លោកឧត្តមសេនីយ៍ទោ លី ឡាយ ប្រធាននាយកដ្ឋាននគរបាលការពារបេតិកភណ្ឌបានមានប្រសាសន៍ថា ការចុះទទួល សិលាចារឹកយកទៅរក្សាទុកក្នុងសារមន្ទីរនេះ បានធ្វើឡើងដោយមានការសម្អាងត្រឹមត្រូវរួមមាន ៖

១៖ យោងតាមលិខិតរបស់សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនចំពោះព្រះចៅអធិការវត្តគិរីស្តេចគង់ក្នុងឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីស្នើសុំយកសិលាចារឹកចំនួន០១ផ្ទាំង មកថែ រក្សាទុកក្នុងសារមន្ទីរជាតិភ្នំពេញទុកជា បេតិកភណ្ឌជាតិ ។

២៖ យោងលើសង្ឃដីកាលេខ២២៥ ស.ន.ក.ជ ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ទើបសមត្ថកិច្ចចម្រុះចុះមកប្រតិបត្តិការយកផ្ទាំង សិលាមានតម្លៃមួយផ្ទាំងនេះទៅរក្សាទុកនៅសារមន្ទីរជាតិ ៕ សហការី


ចែករំលែក៖