ខេត្តកំពង់ធំ៖ មន្ត្រីបរិស្ថានម្នាក់ឈ្មោះ វណ្ណា ឈរជើងប្រចាំស្នាក់ការបរិស្ថាន ត្រពាំងឫស្សី ត្រូវបានបែក ធ្លាយរឿងជំរិតទារលុយពីប្រជាពលរដ្ឋដឹកឈើគ្រឿងផ្ទះមួយគោយន្តកន្ត្រៃចំនួន៥ម៉ឺនរៀល ជាថ្នូរនឹងការមិនចាប់បង្ក្រាប ។
មន្ត្រីស្នាក់ការបរិស្ថានប្រចាំការនៅចំណុចត្រពាំងឫស្សី ស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំ ក្រយា ស្រុក សន្ទុក ខេត្តកំពង់ធំ កំពុងតែបើកដៃឲ្យមានបទល្មើសកាប់ និងដឹកឈើខុសច្បាប់នៅតំបន់ព្រៃអង់តែន ដែលការពារដោយរដ្ឋយ៉ាងអនាធិបតេយ្យ ។ បើទោះបីជា មានការដាក់បទបញ្ជាយ៉ាងតឹងរ៉ឹង ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថានយ៉ាងណាក៏ដោយ ក៏មន្ត្រីបរិស្ថានថ្នាក់ក្រោមជាតិមួយចំនួន មិនបានយកចិត្តទុកដាក់អនុវត្តការងារដែលថ្នាក់លើដាក់ឲ្យអនុវត្ត ឲ្យមានប្រសិទ្ធភាពនោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋបានលើកឡើងថា សព្វថ្ងៃនេះ សកម្មភាពដឹកឈើខុសច្បាប់តាមរយៈគោយន្តកន្ត្រៃចេញពីព្រៃអង់តែន ឆ្លងកាត់តាមស្រុកសន្ទុកក្នុងមួយយប់ៗ រាប់សិបគ្រឿង តែមិនមានចំណាត់ការពីសំណាក់មន្ត្រីបរិស្ថាន ឬ មេព្រៃនោះឡើយ ។ ព្រោះអ្នករកស៊ីដឹកឈើខុសច្បាប់ទាំងនោះ បានបង់លុយឲ្យតាមការកំណត់របស់សមត្ថកិច្ចទាំងនោះរួច រាល់អស់ហើយ ។
ជាក់ស្តែងនៅយប់ថ្ងៃទី ៨ ខែ ធ្នូ ២០១៨ ក្រុមអ្នកសារព័ត៌មានបានប្រទះជួបគោយន្តដឹឈើខុសច្បាប់ និងបានសាកសួរ ហើយក្រោយមក គាត់បានឆ្លើយប្រាប់ថា សមត្ថកិច្ចបរិស្ថានម្នាក់មាន ឈ្មោះថា លោក វណ្ណា ដែលឈរជើងនៅស្នាក់ការបរិស្ថានត្រពាំងឫស្សី ជាអ្នកទារលុយពីគាត់ ក្នុងគោយន្តកន្ត្រៃមួយគ្រឿង ចំនួន៥ម៉ឺនរៀល ទើបគាត់អាចដឹកឈើចេញពីព្រៃបាន ។
មហាជន និងពលរដ្ឋ បានសំណូមពរដល់ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មេត្តាបើកការស្រាវជ្រាវរកការពិតផង ព្រោះបើវាពិតជាដូចពលរដ្ឋលើកឡើងមែន វាធ្វើឲ្យខូចដល់មន្ត្រីគេល្អៗ ។
ទាក់ទងបញ្ហាខាងលើនេះ អ្នកសារព័ត៌មានក៏ព្យាយាមដើម្បីស្វែងរកការបកស្រាយពីសំណាក់លោក វណ្ណា ដែលជាមន្ត្រីបរិស្ថានប្រចាំស្នាក់ការត្រពាំងឫស្សី ត្រូវពលរដ្ឋដឹកឈើតាមគោយន្តកន្ត្រៃទម្លាយរឿងបង់លុយមួយគោយន្ត 5ម៉ឺនរៀលដែរនោះឡើយ ព្រោះគ្មានលេខទូរស័ព្ទ ៕ ប៊ុនរិទ្ធី