ព័ត៌មានទាន់ហេតុការណ៍៖

ល្បួង ចាប់រំលោភក្នុងគុម្ពស្រូវបានសម្រេចដល់បែកការណ៍ ខាងស្រីប្តឹងទារ៣.០០០ដុល្លារទទួលលុយអត់គ្រប់ប្តឹងឲ្យចាប់ខ្លួនតែម្តង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនតាមបណ្តឹងរបស់ ឪពុក ម្តាយនារីរងគ្រោះ ក្រោយពីជនសង្ស័យបានល្បួងយក នារីរងគ្រោះទៅចាប់រំលោភរហូតបានសម្រេច ។ ការឃាត់ខ្លួនជនសង្ស័យនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅផ្ទះជនង្ស័យ ស្ថិតនៅភូមិតាវ៉ាក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនង្ស័យ មានឈ្មោះ តុង ពុទ្ធី ហៅព្រលឹត​ភេទប្រុស អាយុជាង២០ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។

សមត្ថិកិច្ចបានឲ្យដឹងថា កាលពីយប់ថ្ងៃទី៩ ខែធ្នូ នៅក្នុងភូមិខាងលើមានរៀបចំបុណ្យមួយ និង មានរាំលេងកម្សាន្តផងដែរ ក្នុងពេលនោះជនរងគ្រោះដែលមានអាយុ១៥ឆ្នាំរួមនឹងប្អូនៗរបស់គេ ក៍បានទៅលេងបុណ្យនោះរហូតដល់យប់ជ្រៅបន្តិចទើបជនរងគ្រោះ និងប្អូនៗរបស់គេបានត្រឡប់មកផ្ទះវិញជាមួយ និងអ្នកស្រុកផងដែរ ។ នៅពេលត្រឡប់មកផ្ទះវិញនោះស្រាប់តែជនសង្ស័យ ដែលជាអ្នកភូមិនៅទីនោះដែរបានត្រឡប់មកជាមួយ នឹងជនរងគ្រោះដែរ ហើយ ពេលដើរមកតាមផ្លូវបងប្អូនជនរងគ្រោះបានដើរផុតទៅមុន ចំណែកឯនារី រងគ្រោះ និង ជនសង្ស័យបានដើរជជែកគ្នាបណ្តើរ ។ លុះពេលដល់កន្លែងស្ងាត់ ជនសង្ស័យបានចាប់ដៃជនរងគ្រោះចូលទៅនឹង គុម្ពស្រូវ ក្នុងស្រែ រួចនិយាយលួងលោម ប្រលោមស្នេហ៍ សុំខ្លួនប្រាណនាងតែ ត្រូវនាងរើបម្រះចេញ ហើយប្រាប់ថា បើស្រឡាញ់នាងពិតត្រូវចូលស្តីនាងដល់ឪពុកម្តាយ ។ ពេលនោះទោះជានាងសុំអង្វរយ៉ាងណាក៏ជនសង្ស័យ មិនព្រមលែងដៃដែរ ហើយបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង ។ ក្រោយពីចាប់រំលោភរួចជនសង្ស័យបានរត់គេចទៅផ្ទះមុន ចំណែជនរងគ្រោះបានទៅផ្ទះរបស់ខ្លួនដែរ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ពេលទៅដល់ផ្ទះឪពុកម្តាយបានសួរនាំ ថាហេតុអីមិនមកផ្ទះជាមួយបងប្អូនហើយម្តេចបានជាខ្លួនប្រឡាក់សុទ្ធតែដីអ៊ីចឹង? ក្រោយពីឪពុកម្តាយសួរនាំដេញដោល នារីរងគ្រោះក៏បានប្រាប់ឪពុកម្តាយថា ខ្លួនត្រូវ អាព្រលឹតចាប់រំលោភ នៅវាលសែ្រ ក្រោយពីត្រឡប់មកពីបុណ្យ ។ ពេលឮដូចនេះ ឪពុកម្តាយនារីរងគ្រោះបានប្រញាប់ប្រញាល់ទៅដាក់ពាក្យបណ្តឹងភ្លាមនៅមេប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃមូល ទាំងយប់។

ក្រោយពីមេប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃមូលទទួលបានពាក្យបណ្តឹងនេះភ្លាម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក៍បានទៅឃាត់ខ្លួនជនសង្ស័យ នៅផ្ទះតែម្តង ។ នៅក្នុងបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះបានប្តឹងទារប្រាក់ចំនួន៣.០០០ដុល្លារដើម្បីបញ្ចប់រឿង ប៉ុន្តែត្រូវបានជនសង្ស័យ ប្រាប់ថាមិនមានលុយគ្រប់ទេ មានត្រឹមតែ២៥០០ដុល្លារប៉ុណ្ណោះ ។ ដោយលុយមិនគ្រប់តាមការទាមទាររបស់ជនរងគ្រោះក៏ធ្វើការឃាត់ខ្លួនតែម្តង ។ នៅពេលនេះ សមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា


ចែករំលែក៖