ភ្នំពេញ៖ ជនអនាថាប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងចម្រុះខណ្ឌចំការមន ចុះធ្វើរដ្ឋបាលនៅចំណុច២ទីតាំងផ្សេងគ្នា បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច ដើម្បីធ្វើអប់រំបន្ត ។
ការចុះធ្វើរដ្ឋបាលនេះ ធ្វើឡើងនៅម៉ោង៣រសៀល ថ្ងៃសុក្រ ៧កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច២ទីតាំងផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌចំការមន រួមមាននគរបាលប៉ុស្តិ៍ទំនប់ទឹក នគរបាលខណ្ឌចំការមន និងអាជ្ញាធរសង្កាត់ ។
សមត្ថកិច្ច បានឲ្យដឹងថា ទីតាំងទី១ ធ្វើឡើងនៅចំណុចផ្លូវ១៨៧ ; និងទីតាំងទី២ នៅចំណុចផ្លូវ២៧១ ក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្រុមទី២៤ និងក្រុមទី២០(ក) ភូមិ៤ និងភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយប្រតិបត្តិការរួចសមត្ថកិច្ចបានឃាត់ខ្លួនជនអនាថាចំនួន៨នាក់ ក្នុងនោះមានប្រុសចំនួន៥នាក់ បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីអប់រំបន្តទៀត ៕ស រស្មី