ខេត្តស្ទឺងត្រែង៖ នៅព្រឹកថ្ងៃចន្ទ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ដែលផ្តល់ថាមពលអនុភាព 400 មេហ្គាវ៉ាត់ ខ្ពស់ជាងគេនៅកម្ពុជា។
សម្តេចតេជោ ថ្លែងយ៉ាងដូច្នេះថា «នៅព្រឹកថ្ងៃទី ១៧ធ្នូនេះ ខ្ញុំធ្វើដំណើរទៅខេត្តស្ទឹងត្រែង ដើម្បីសម្ពោធដាក់ឲ្យដំណើរការវារីអគ្គិសនីសេសានក្រោម២ ដែលមានសមត្ថភាពផលិតថាមពលអគ្គីសនីបាន ៤០០មេហ្កាវ៉ាត់ ដែលវិនិយោគរួមដោយ៣ក្រុមហ៊ុនលើទឹកប្រាក់វិនិយោគជិត ៨០០លានដុល្លារអាមេរិក។ ប្រភេទនៃការវិនិយោគនេះ គឺសាងសង់រួច-ដំណើរការ- និងផ្ទេរមករាជរដ្ឋាភិបាល (BOT) ដែលមានរយៈពេលសម្បទាន ៤៥ឆ្នាំ។
វារីអគ្គិសនីសេសានក្រោម២នេះ គឺនឹងផ្តល់ការងារនិងមុខរបរជាច្រើនដល់ប្រជាពលរដ្ឋ ព្រមទាំងចំណូលពន្ធដាររដ្ឋ។ទន្ទឹមនឹងនេះ គឺនឹងបង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា ដែលនឹងចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រពិតប្រាកដរបស់ប្រជាពលរដ្ឋ។ ច្បាស់ណាស់ គឺដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទើបវិនិយោគបរទេសហ៊ានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខនិងសំណាងល្អគ្រប់ៗគ្នា» ។
សូមបញ្ជាក់ថា វារីអគ្គិសនីនេះ វិនិយោគរួមគ្នារវាងក្រុមហ៊ុន ចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ដាក់ទុនវិនិយោគ ៥១ភាគរយ, ក្រុមហ៊ុន Royal Group របស់ខ្មែរ ទាក់ទុន ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ដាក់ទុនវិនិយោគ ១០ភាគរយ។ វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម។
ការអភិវឌ្ឍគម្រោងវារីអគ្គិសនីសេសានក្រោម២នេះ ផ្តល់ផលប្រយោជន៍ជាច្រើនជូនប្រទេសជាតិ តាមរយៈការបង្កើតមុខរបរដល់ប្រជាពលរដ្ឋ បង្កើតប្រាក់ចំណូលពន្ធដារជូនរដ្ឋ បង្កើនកម្រិតឯករាជ្យភាព និងសន្តិសុខលើការផ្គត់ផ្គង់អគ្គិសនីកម្ពុជា កាត់បន្ថយហានិភ័យលើកផ្គត់ផ្គង់អគ្គិសនីដែលពឹងផ្អែកលើការនាំចូលឥន្ធនៈដើម្បីផលិតអគ្គិសនី និងបានចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ៕