ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្កឡើងដោយរថយន្តតួរីស១២កៅអីបុកជាមួយម៉ូតូ២គ្រឿង បណ្ដាលឲ្យបុរសម្នាក់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័ម និងមនុស្សក្មេងចាស់៣នាក់រងរបួសធ្ងន់ស្រាលហើយត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍ដ៏រន្ធត់នេះដែរ បានបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៨ នៅត្រង់ចំណុចផ្លូវទួលពង្រ ក្បែរវត្តកំពែង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលើបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញប្តីប្រពន្ធនឹងកូនមានគ្នា៣នាក់ជិះម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅឌុបគ្នា រួមទាំងរថយន្តតួរីសមួយគ្រឿងបានធ្វើដំណើរស្របទិសគ្នាតាមបណ្តោយផ្លូវទួលពង្រទិសដៅឆ្ពោះពីផ្លូវវេងស្រេងឡើងមកផ្លូវព្រៃស ខណៈមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ជិះម៉ូតូអូសរ៉ឺម៉កយ៉ាងលឿនទិសដៅបញ្ច្រាសគ្នាជាមួយរថយន្តតួរីស ១២កៅអី ពេលនោះម៉ូតូរ៉ឺម៉កបានព្យាយាមជិះជែងរថយន្តផ្សេងក៏ដាច់កងម្ខាងទាញចូលចំណែកផ្លូវគេហើយក៏ជ្រុលបុកចំក្បាលរថយន្តតួរីស យ៉ាងទំហឹងបណ្តាលឲ្យម្ចាស់រ៉ឺម៉ករងរបួសធ្លាយពោះវៀន ចេញក្រៅស្លាប់យ៉ាងអាណោចអាធម៌ត្រង់ទីតាំងកើតហេតុ ចំណែករថយន្តបានបួងចង្កូតគេចជ្រុលបុកម៉ូតូមួយគ្រឿងជិះដោយប្តីប្រពន្ធនឹងកូន បណ្តាលឲ្យរងរបួសធ្ងន់ស្រាលទាំង៣នាក់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ឬឯសម្ភារដូចជារថយន្តនឹងម៉ូតូ, ម៉ូតូអូសរ៉ឺម៉កបានរងការខូចខាតយ៉ាងដំណំផងដែរ ។
សពជនរងគ្រោះដែលស្លាប់នៅកន្លែងកើតហេតុនីមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ខណះសមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវរកសាច់ញាតិ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនឹងបានសម្រួលចរាចរហើយទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែងអូសយកសម្ភារនឹងតៃកុងរថយន្តតួរីស ទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យចរាចរផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិដើម្បីធ្វើលិខិតឲ្យដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ភារ៉ា ដង្កោ