ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុងលួចដឹកឈើប្រណីតខុសច្បាប់២គ្រឿងត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបាន

ចែករំលែក៖

ខេត្តរតនគិរី:រថយន្តសាំយុងដឹកឈើប្រណីតខុសច្បាប់ចំនួន២គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវបង្រ្កាបបានប្រគល់ ឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត ។ ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក ស៊ឹម លីន អភិបាលរងស្រុកអូរយ៉ាដាវបាន ចុះធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិសោមត្រក ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

បើតាមសមត្ថកិច្ចដែលចុះទៅបង្រ្កាបបានឲ្យដឹងថា រថយន្តលួចដឹកឈើប្រណីតខុសច្បាប់ទាំងពីរគ្រឿងខាងលើ
ទី១ ម៉ាក សាំយ៉ុងពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ ២D ២០៤៧ ដោយផ្ទុកឈើប្រណីត
ប្រភេទធ្នង់ចំនួន៧០៥kg និងឈើសុក្រំចំនួន០,៣៦៨ម៉ែត្រគូប ។

ទី២រថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង ២A ០១៥៩ បានផ្ទុកឈើប្រណីតប្រភេទធ្នង់ចំនួន២៣៥kg និងឈើសុក្រំចំនួន០,៣៥៣ម៉ែត្រគូប ។

សមត្ថកិច្ចបន្តទៀតថា
រថយន្តទាំង២គ្រឿងខាងលើនេះបានធ្វើចរាចរណ៍ដឹកឈើតាមផ្លូវជាតិលេខ៧៨ដោយឆ្លងកាត់ស្រុកអូរយ៉ាដាវយកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចចម្រុះស្រុកអូរយ៉ាដាវ ចុះបង្រ្កាបបានតែម្តង និងរឹបអូសយករថយន្តទាំង២គ្រឿងនេះមក
ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើបរកែវចាត់ការបន្ត ។

កម្លាំងចម្រុះបង្រ្កាបរថយន្តទាំង២គ្រឿងនេះ បានដោយសារមានការចង្អុលបង្ហាញពីលោកអភិបាលស្រុកជាពិសេសលោក ថង សាវុន អភិបាលខេត្តបញ្ជាយ៉ាងម៉ឺនម៉ាត់ធ្វើយ៉ាងណាត្រូវបង្រ្កាបឲ្យបានរាល់បទល្មើសទាំងអស់ជាពិសេសគឺបទល្មើសព្រៃឈើឆ្លងដែន និងកម្លាំងសំងាត់មិនអាចបំភ័ណ្ឌភ្នែកបានក៏ត្រូវសមត្ថកិច្ចបង្រ្កាបបានតែម្តង ។

បទល្មើសព្រៃឈើនៅខេត្តរតនគិរីភាគច្រើនគឺក្រុមឈ្មួញប្រើរូបភាពបន្លំភ្នែកសមត្ថកិច្ចដោយដឹកឈើទាំងនោះបន្លំជារថយន្តដឹកទំនិញ ដឹកបន្លែ ជាដើម ៕ ជីវន្ត័


ចែករំលែក៖