ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍ អាជ្ញាធរខណ្ឌច្បារអំពៅ បោសសម្អាតផ្លូវ និងចាប់រថយន្តធំៗ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ល្អ បរិស្ថានស្អាត អាជ្ញាធរខណ្ឌច្បារអំពៅបានដាក់ចេញនូវផែនការសកម្មភាពដោយចុះអនុវត្តជារៀងរាល់ថ្ងៃ លើកំណាត់ផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រខណ្ឌ ជាពិសេសលើផ្លូវជាតិលេខ១ ចាប់ពីគល់ស្ពានព្រះមុនីវង្សទៅដល់សង្កាត់វាលស្បូវ ដើម្បីការពារកុំឲ្យដីខ្សាច់ និងសំរាម ហូរចូលប្រព័ន្ធលូបង្កឲ្យមានការកកស្ទះ ព្រមទាំងចាប់រថយន្តដឹកដី ដឹកខ្សាច់ ដឹកទំនិញធំដែលបើកចូលរាជធានីភ្នំពេញក្នុងម៉ោងហាមឃាត់ ។

ដោយមានការណែនាំពីលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី២៣ ខែធ្នូឆ្នាំ២០១៨ ក្រុមការងារសាលាខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងចុះកើបប្រមូលដីខ្សាច់នៅលើកំណាត់ផ្លូវជាតិលេខ១ រួមទាំងសម្អាតបរិស្ថានប្រមូលកាកសំណល់ផ្សេងៗដែលប្រជាពលរដ្ឋបោះចោលនៅលើផ្លូវជាតិលេខ១ និងចាប់រថយន្តធំៗជាច្រើនគ្រឿងដែលបំពានការណែនាំរបស់សាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ ។

សកម្មភាពសម្អាតបរិស្ថាននិងរៀបចំសណ្តាប់ធ្នាប់ថ្ងៃចុងសប្តាហ៍នេះ គឺជាការពន់ញាក់ស្មារតីដើម្បីឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកចូលរួមជាមួយអាជ្ញាធរក្នុងការសម្អាតបរិស្ថាននៅក្នុងមូលដ្ឋានខណ្ឌ និងមួយផ្នែកទៀតដើម្បីព្រមានដល់ម្ចាស់យានយន្ត ដឹកជញ្ជូនធន់ធ្ងន់កុំឲ្យបើកចូលរាជធានីភ្នំពេញ ក្នុងម៉ោងហាមឃាត់ ព្រោះធ្វើឲ្យកកស្ទះចរាចរ ។

ជាមួយគ្នានេះដែរអាជ្ញាធរខណ្ឌបានស្នើឲ្យរថយន្តដឹកដី ដឹកខ្សាច់ ក៏ដូចជារថយន្តក្រឡុកស៉ីម៉ងត៍ ត្រូវអនុវត្តតាមការណែនាំរបស់សសាលារាជធានីភ្នំពេញ និងសាលាខណ្ឌច្បារអំពៅ ដើម្បីបញ្ជៀសកុំឲ្យមានការកកស្ទះចរាចរ និងការពារកុំឲ្យដីខ្សាច់ធ្លាក់មកលើផ្លូវជាតិលេខ១ ធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថាន សូមចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាត បរិស្ថានល្អ សណ្តាប់ល្អ ៕ សណ្តោស


ចែករំលែក៖