ខេត្តរតនគិរី៖ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីគេប្រទះឃើញសពមនុស្សម្នាក់ ចងកស្លាប់នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចម្ការស្វាយចន្ទី របស់ឈ្មោះលោក ក្វាស កាតឹក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិទំពួន សញ្ជាតិខ្មែររស់នៅភូមិទៀន ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។
មន្រ្តីនគរបាលស្រុកបរកែវបានឲ្យដឹងថា ជនរងគ្រោះ(សព)ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែ មុខរបរកម្មករដកដំឡូង មានស្រុកកំណើត ភូមិព្រៃផ្តៅ ឃុំមោគដា ស្រុករមាសហែក ខេត្តស្វាយរៀង។ បុរសនេះ បានចងកកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោងប្រមាណ១០និ៣០នាទីយប់ លើដើមស្វាយចន្ទីកម្ពស់ពីដីប្រវែង២.៣ម៉ែត្រ ដោយប្រើន្សែងក្រហមសប្រវែង១.២ម៉ែត្រ លុះព្រឹកឡើងទើបគេដឹង ។
តាមការបំភ្លឺពីស្ត្រីឈ្មោះ សុខ សោភា អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដកដំឡូង ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា ប្តីគាត់មានជំងឺសតិមិនគ្រប់(សរសៃប្រសាទធ្វើទុក្ខយូរៗម្តង) ធ្លាប់រត់ចេញពីផ្ទះពីរបីដងហើយ តែតាមរកឃើញវិញ។ លុះពេល ចុងក្រោយនេះតាមរកមិនឃើញ ព្រោះដើមស្វាយចន្ទីច្រើនពេក ហើយយប់ផង លុះព្រឹកឡើងក៏នាំគ្នារកទៀត ក៏ប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ ៕ ជីវ័ន្ត