ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក ៖ នាយផ្នែករដ្ឋបាលព្រៃឈើ​ក្រវាញ នៅតែបន្តយកលុយពីបទល្មើស

ចែករំលែក៖

បើទោះបីជាថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​បានបញ្ចេញប្រតិកម្ម​ករណីលោក សួស សុផានិត នាយផ្នែករដ្ឋបាលព្រៃឈើក្រវាញល្បីល្បាញ​ខាងប្រមូលលុយពីរថយន្ត និងគោយន្តកែច្នៃដឹកឈើ​យ៉ាងណាក៏ដោយ ក៏ពួកអ្នករកស៊ីដឹកឈើ​អះអាងថា ពួកគេនៅតែបន្តរកស៊ីជាធម្មតា ហើយការ​បង់ប្រាក់​ឲ្យលោក សួស សុផានិត ក៏នៅតែបន្តជាធម្មតាដែរ ។ លោកសួស សុផានិត បានប្រាប់ពួកអ្នករកស៊ីដឹកឈើ​តាមគោយន្ត និងតាម​រថយន្ត​នៅតាមផ្លូវជាតិលេខ​៥៥ ក្នុងស្រុកភ្នំក្រវាញនោះថា បើមិនយកលុយពីពួកអ្នករកស៊ីបទល្មើស តើខ្លួន(សួស សុផានិត) បានលុយឯណាជូនថ្នាក់លើ? ថ្នាក់លើដែលលោក សួស សុផានិត សំដៅនោះ គឺ​អគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ ដែលបានឲ្យខ្លួនធ្វើរបាយការណ៍​អំពីបញ្ហា​បទល្មើសនៅស្រុកភ្នំក្រវាញ​កាលពីខែមុននោះថា វាគ្រាន់តែជាវិធី ដែលថ្នាក់លើ​ចង់បានការចែករំលែក​ខ្លះពីលោកតែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍ពីក្រុមអ្នករកស៊ីដឹកឈើ​បាន​ឲ្យដឹងថា សកម្មភាព​នៃការដឹកជញ្ជូនឈើ​តាមគោយន្តកែច្នៃ នៅតែមានសកម្មភាពជាហូរហែ​មិនដាច់​ដូចមុនដដែល ហើយតម្លៃ នៃការបង់ប្រាក់ជូនមន្ត្រី​ជំនាញរដ្ឋបាលព្រៃឈើ​ក៏មិនបានថយចុះនោះដែរ ។ រថយន្ត​ដែលដឹកឈើ​ប្រឡៅមូល ត្រូវបង់ឲ្យលោក សួស សុផានិត ១០ម៉ឺនរៀល ចំណែកឈើអារ ត្រូវបង់ជូន​១៥ម៉ឺនរៀល ។ ក្នុងមួយថ្ងៃៗ មានគោយន្ត និងរថយន្តដឹកឈើ​ឆ្លងកាត់​ផ្លូវជាតិលេខ​៥៥ ក្នុងស្រុកភ្នំក្រវាញរាប់រយគ្រឿង ដែលជាប្រភពចំណូលរាប់សិបលានរៀល​របស់​លោក សួស សុផានិត ។ បើតាមសេចក្តីរាយការណ៍​បានបន្ថែមថា​ រថយន្តដឹកឈើ​ឆ្លងកាត់ផ្លូវជាតិលេខ​៥៥​ត្រូវតែសុំការអនុញ្ញាតពីលោក សួស សុផានិត ជាដាច់ខាត ។ ពួកគេទាក់ទងគ្នាតាមទូរស័ព្ទ​ក្នុងការដឹកជញ្ជូនឈើ រីឯប្រាក់កាស​គឺទូទាត់​តាមរយៈការវេរលុយ ។ អ្នកដែលអាច​ដឹកជញ្ជូនឈើ​រត់គេចបានម្តង ត្រូវប្រឈម​នឹងពិន័យ​លើកក្រោយធ្ងន់ក ។

ប្រភពព័ត៌មានបានឲ្យដឹងថា លោកសួស សុផានិត អាចធ្វើអ្វីៗ​ទៅបាន ដោយមានការឃុបឃិត​ពីសំណាក់​នាយខណ្ឌរដ្ឋបាលព្រៃឈើ ជាពិសេស​លោកឡាយ វិសិដ្ឋ នាយខណ្ឌរដ្ឋបាលព្រៃឈើនោះតែម្តង ។ រីឯអគ្គនាយកដ្ឋាន​រដ្ឋបាលព្រៃឈើ ទំនងជាបានលាភសក្ការពីលោកសួស សុផានិត ដែរ ទើបបានជាបណ្តោយ​ឲ្យលោក សួស សុផានិត ធ្វើព្យុះធ្វើភ្លៀង​បានតាមអំពើចិត្ត នៅក្នុងមូលដ្ឋានស្រុកភ្នំក្រវាញនេះ ។ ប្រសិនបើ​ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានរដ្ឋបាលព្រៃឈើ​ ជាពិសេស​ក្រសួងកសិកម្ម​ផ្ទាល់ ប្រសិន​បើគ្មានចំណែក​ហ៊ុនហយ ពុករលួយជាមួយបុគ្គល សួស សុផានិត ទេនោះ ម្ល៉េះចាត់ការ​ឲ្យលោក សួស សុផានិត​បន្ថយសកម្មភាព ប្រព្រឹត្តល្មើសនោះខ្លះៗហើយ ។ គេជឿថា ​អ្វីដែលលោក សួស សុផានិត បានធ្វើគឺជាប្រព័ន្ធ​ទើបអាចដំណើរការបានដល់សព្វថ្ងៃនេះ ៕

 


ចែករំលែក៖