ភ្នំពេញ៖ ករណីបង្កហិង្សាដោយចេតនារបស់បុរសម្នាក់ទៅលើតារាម្រៀង ទេព បូព្រឹក្ស បានបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងពីស្រទាប់មហាជន។ តារាចម្រៀងរូបនេះបានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅលើជនបង្ក និងអ្នកពាក់ព័ន្ធ៣រូបផ្សេងទៀតដោយទាមទារជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក ហើយប្រាក់ទាំងនេះត្រូវបាននាងអះអាងថា នឹងបរិច្ចាគជាសកម្មភាពមនុស្សធម៌។
កញ្ញាទេព បូព្រឹក្ស នឹងប្តឹងទាមទារជំងឺចិត្ត១០ម៉ឺនដុល្លារពីបុរសអ្នកជះនឹងគប់ស្រាបៀរប្រមាថមើលងាយលើរូបនាងកាលពីយប់ថ្ងៃទី២៥ខែធ្នូនេះក្នុងហាងផឹកស៊ីមួយកន្លែង យីហោ ”សមុទ្រ”។ នាងថាមិនទាន់ទទួលបានការចចារណាមួយពីជនបង្ករនៅឡើយទេរហូតមកដល់រសៀលថ្ងៃទី២៦កន្លងទៅ ហើយជំហ៊ានដែលនាងធ្វើបន្តគឺការប្តឹងតែម្តង។ នាងថាលុយទាំងនោះរូបនាងនឹងបរិចាកទាំងអស់ទៅក្នុងកម្មវិធីសប្បុរសធម៌រួមទាំងការប្រគល់ទៅអោយមន្ទីរពេទ្យគន្ឋបុប្ផា តារាសិល្បៈចាស់ជរាមានជំងឺ កុមារកំព្រា និងជនចាស់ជរាជាដើម។ ក្រៅពីបុរសចិត្តខ្លាំងដែលបង្កហិង្សារដោយចេតនាទៅលើនាងនាងក៏សម្រេចចិត្តប្តឹងទៅលើមនុស្ស៣នាក់ផ្សេងទៀតមានដូចជាស្ត្រីម្ចាស់ហាងដែលគ្មានទំនួលខុសត្រូវព្រោះតែហាងគ្មានសុវត្តិភាព គឺហាងនោះបានបាត់ទិន្នន័យពីកាមេរ៉ាសុវត្ថិភាពគ្រាដែលក្រុមគ្រួសារនាងបានស្នើឲ្យត្រួតពិនិត្យ។ អ្នកបន្ទាប់គឺអ្នកគ្រប់គ្រងការផលិតកម្មវិធីក្រុមហ៊ុនស្រាបៀរHite ដែលមិនបានការពារមើលការខុសត្រូវនាងបានដិតដល់គ្រាដែលនាងចេញទៅច្រៀងផ្សព្វផ្សាយឲ្យផលិតផលនោះ។ អ្នកបន្ទាប់គឺស្ត្រីម្នាក់ដែលបានអះអាងខ្លួនថាជាម្តាយរបស់ជនបង្ក និងបានប្រើហិង្សាគឺទះកំភ្លៀងអ្នករាំរបស់នាងចំនួន៣ដៃ។
គួររំលឹកដែរថាហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឲ្យមានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ។ យោងតាមបទហិង្សាដោយចេតនាមាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល ។
គួរបញ្ជាក់ដែរថាមានការភ្ញាក់ផ្អើលទាំងយប់ថ្ងៃទី២៥ ខែធ្នូក្រោយពី តារាចំរៀងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យកស្រាបៀរជះនឹងគប់ស្រាបៀរ ខណៈនាងកំពុងតែច្រៀងនៅលើឆាកតន្ត្រី ក្នុងហាងផឹកស៊ីយីហោ”សមុទ្រ”ស្ថិតនៅតាមបណ្តោយផ្លូវលេខ១១៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដែលក្រោយកើតហេតុបុរសនោះបានរត់គេចខ្លួនបាត់ស្រមោលបង្កើតឲ្យមានការភ្ញាក់ផ្អើលខ្លាំង៕ វឌ្ឍនា