ភ្នំពេញ៖ បុរសម្នាក់ បើករថយន្ត LEXUS LX470 ក្នុងល្បឿនលឿន សង្ស័យស្រវឹងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបែកខ្ទេចអស់២កង់ រួចរុញទៅផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេត១ដើមទៀត រងការខូចខាត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខផ្សារសិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវមហាវិថីសហពន្ធរុស្ស៊ី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសចំណាស់ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាក LEXUS LX470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AB-2610 តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីទិសដៅពីកើតទៅលិច លុះមកដល់ ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ ប្រេះបែក២កង់ បណ្តាលឲ្យរបាំងថ្មរុញទៅផ្ទប់ នឹងបង្គោលភ្លើងបំភ្លឺផ្លូវ ទ្រេតអស់១ដើម ចំណែករថយន្តបង្កផ្ទប់នឹងរបាំងថ្មពុះចែកទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បើកទៅមុខលែងរួច។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចរាយការណ៍ប្រាប់ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយលើការខូចខាតទ្រព្យសម្បត្តិរដ្ឋ ទៅតាមផ្លូវច្បាប់៕ សុខាសែនជ័យ