ភ្នំពេញ៖ រថយន្តចំនួន៤គ្រឿង បានបុកគ្នាបន្តបន្ទាប់ បណ្តាលឲ្យតៃកុងរថយន្តម្នាក់ រងរបួសជើង និងស្ត្រីវ័យចំណាស់ម្នាក់ បាក់ដៃឆ្វេង ចំណែករថយន្តទាំង៤គ្រឿងរងការខូចខាត។
ករណីទី១ កើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលខ៥ ត្រង់ចំណុចមុខសាលាបឋមសិក្សាភូមិឌួងក្នុងភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រវាងរថយន្តកូរ៉េ ពាក់ស្លាកលេខភ្នំពេញ 3D- 6050 និងរថយន្តធុនធំ ពាក់ស្លាកលេខព្រះសីហនុ3A- 2385។
តាមប្រភពព័ត៌មានពីអ្នកជិះរថយន្តកូរ៉េខាងលើ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្ត ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៥ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុស្រាប់តែរថយន្តធុនធំមួយគ្រឿងខាងលើ បើកឆ្លងផ្លូវពីកើតទៅលិចយ៉ាងលឿន ក៏ជ្រុលបុកគ្នាតែម្តង។
បុរសម្នាក់ ជាអ្នករួមដំណើរ ជាមួយតៃកុងរថយន្តធុនធំវិញ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តរបស់គាត់ បានបើកឆ្លងផ្លូវពីកើតទៅលិច តែដោយសារទើសរនាំងដែក នៅចិញ្ចើមផ្លូវ មិនអាចបត់រថយន្តបាន ក៏ថយក្រោយបន្តិច រួចបើកទៅមុខបានបន្តិច ស្រាប់តែត្រូវថយន្តកូរ៉េ មកបុកពីចំហៀងមុខផ្នែកខាងស្តាំតែម្តងបណ្តាលអោយរងការខូចខាត។
ក្នុងករណីនេះ បណ្តាលឲ្យស្ត្រីវ័យចំណាស់ម្នាក់ ដែលជិះរថយន្តកូរ៉េ បាក់ដៃឆ្វេង និងតៃកុងរថយន្តកូរ៉េរបួសជើង។
ករណីទី២បានកើតឡើង នៅក្បែរគ្នា ក្នុងភូមិកើតហេតុ កាលពីវេលាម៉ោង៥ និង២០នាទីព្រឹកថ្ងៃដដែល រវារថយន្តធុនធំ ពណ៌ខៀវ ពាក់ស្លាកលេខព្រះសីហនុ 3A- 2656 និងរថយន្តធុនធំ ពណ៌ស ដឹកស៊ីទែន ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 3C- 4104 ។
តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តទាំងពីរគ្រឿង ធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីជើងទៅត្បូង ដោយរថយន្តដឹកស៊ីទែន បើកមុខរថយន្តស្លាកលេខព្រះសីហនុ 3A- 2656 មកដល់ចំណុចកើតហេតុ រថយន្តដឹកស៊ីទែន បានបន្ថយល្បឿន ព្រោះមានករណីរថយន្តពីរគ្រឿង ជួបគ្រោះថ្នាក់ចរារណ៍ (ករណីទី១) នៅខាងមុខ ស្រាប់តែរថយន្តយន្តធុនធំ ស្លាកលេខព្រះសីហនុ 3A- 2656 បុកពីក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុករណីទាំងពីរនេះ ត្រូវបានសមត្ថកិច្ច យករថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕ ធឿនព្រែកជ័យ