ភ្នំពេញ៖ សន្តិសុខឯកជនម្នាក់ត្រូវបានគេប្រទះឃើញដេកដួលស្លាប់ក្នុងថ្លុកឈាមគួឲ្យអាសូរ ខណៈរូបគាត់បញ្ចប់ម៉ោងយាមនៅពេលយប់ ហើយបានឆ្លៀតរត់ម៉ូតូឌុបដើម្បីរកប្រាក់បន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព ប៉ុន្តែជាអកុសលត្រូវជនសង្ស័យធ្វើសកម្មភាពអារ.កប្លន់យកហើយជិះគេចខ្លួនដោយសុវត្ថិភាពទុកឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។
អំពើអារកប្លន់យកម៉ូតូនេះ បានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងមុខវត្តក្រាំងធ្នង់ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។
សពជនរងគ្រោះមានឈ្មោះ នុត ចន្ថន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរជាសន្តិសុខឯកជន ក្រុមហ៊ុន ហ្វីនិក សុីឃ្យូរីធី ប្រចាំនៅកម្ពុជា ស្នាក់នៅបន្ទប់ជួលភូមិទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិរោទ៍ ឃុំញរ ស្រុកកពង់រោទ៍ ខេត្តស្វាយរៀង ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានចេញពីបន្ទប់ជួលទៅធ្វើការ(យាម) នៅក្រុមហ៊ុនបារីមួយកន្លែងទល់មុខប៉ុស្តិ៍ទឹកថ្លាពេលចប់ម៉ោងយាមរូបគាត់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥សេរីឆ្នាំ២០១៥ព័ណខ្មៅមិនចាំស្លាកលេខចេញពីកន្លែងធ្វើការដើម្បីរត់ម៉ូតូឌុបនៅពេលយប់ហើយក៍ជួប និងជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណបានហៅឲ្យជនរងគ្រោះឌុបទៅម្តុំវត្តជុំពេលទៅដល់ហើយជនសង្ស័យក៍អាយោជនរងគ្រោះឌុបមកវិញលុះ
មកដល់ចំណុចកើតហេតុខាងលើមានសភាពស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាពអារ ក ជនរងគ្រោះរួចច្រានទំលាក់ពីលើម៉ូតូធ្វើឲ្យជនរងគ្រោះហូរឈាមប្រលាក់ពេញខ្លួនស្លាប់យ៉ាងអាណោចអាធម៍ហើយជនសង្ស័យក៍យកម៉ូតូជនរងគ្រោះជិះគេចខ្លួនដោយសុវត្ថិភាពតែម្តង ។
ប្រភពពីអ្នកលក់ឥវ៉ាន់ចាប់ហួយនៅក្បែប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដែលដឹងហេតុការណ៍បានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានមកអង្គុយលេងនៅកន្លែងគាត់លក់ឥវ៉ាន់មួយសន្ទុះក្រោយមកស្រាប់តែលេចមុខបុរសម្នាក់ដើរមកដល់ដៃកាន់ថង់ខ្មៅហើយបានហៅឲ្យជនរងគ្រោះឌុបទៅម្តុំវត្តជុំ ។ ពេលនោះអ្នកលក់ឥវ៉ាន់ក៍បានប្រាប់ជនរងគ្រោះថាកុំទៅអីស្ងាត់ណាស់ខ្លាចមានគ្រោះថ្នាក់ ។ ប៉ុន្តែដោយសារតែជីវភាពគាត់ខ្វះខាតចង់បានប្រាក់ផងនោះទើបគាត់មិនស្តាប់តាមការឃាត់របស់ប្រជាពលរដ្ឋនៅទីនោះហើយក៍ឌុបជនសង្ស័យចេញទៅ ។ ហើយបើតាមការបញ្ជាក់ពីក្រុមគ្រួសារសពបានឲ្យដឹងថាជនរងគ្រោះបានទិញម៉ូតូតពីគេទើបតែបាន២ខែប៉ុណ្ណោះដើប្បីជិះធ្វើការ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យ និងស្រាវជ្រាវ ហើយបានទាក់ទងទៅសមត្ថកិច្ចផ្នែកកោសលវិច័្ចឲ្យចុះមកពិនិត្យសាកសព ។ ក្រោយពីពិនិត្យរួចឃើញថាសពត្រូវជនសង្ស័យប្រើវត្ថុរឹងអារកពិតប្រកដមែនក្រោយមកសមត្ថកិច្ចបានប្រគល់សពឲ្យទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕តុង សីហា