ខេត្តកណ្តាល៖ ប្រភពច្បាស់ការបានបង្ហើបថា វាសនា តៃកុងរថយន្តដឹកថ្មស្លាកលេខខេមរភូមិន្ទបើកបុក ម៉ូតូសណ្ដោងរ៉ឺម៉កបណ្តាលឲ្យមនុស្សបីនាក់រងរបួសធ្ងន់ ប្រហែលអាចរួចពីសំណាញ់ច្បាប់ ខណៈដែលកំពុងមានអ្នករត់ការឲ្យនៅក្រៅឃុំ សាច់ញាតិជនរងគ្រោះកំពុងព្រួយបារម្ភមិនទាន់បានសំណងនៅឡើយ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៥ និង៥០នាទី ត្រង់ចំំណុចស្តុបព្រែកហូរ ផ្លូវ១១៥ កែងផ្លូវជាតិលេខ២ ភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ទី១ មានឈ្មោះ យែម ចន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ ប៉ែន រ៉េត ភេទស្រី អាយុ៤៣ ភូមិអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង និងទី៣ឈ្មោះ ពុំ សុជាតិ ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីឯជនបង្កឈ្មោះ ហ្គូ វ៉ាន់ដា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិសំបួរ ឃុំជើងពស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ(ឃាត់ខ្លួន) ។
លោកឧត្តមសេនីយ៍ត្រី វ៉ែន សាវឹន ស្នងការរងទទួលផែនចរចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានប្រាប់ឲ្យដឹងថា តៃកុងរថយន្ត នឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ។ បើតាមរបាយការណ៍របស់នគរបាលចរាចរណ៍ក្រុងតាខ្មៅបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កដោយរថយន្តមួយគ្រឿងម៉ាក Nissan ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២-៧៦៤៩ បើកបរក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបុកនិងម៉ូតូសណ្តោងរុឺម៉ក.មួយគ្រឿងម៉ាក. SAYAN ពណ៍ស គ្មានស្លាកលេខ បណ្តាលឲ្យមនុស្សបីនាក់ផ្លោងខ្ទាតទៅនិងថ្នល់ រងរបួសធ្ងន់ទាំងបីនាក់ ភ្លាមនោះអ្នកទាំងបីត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមនីតិ ។
សមត្ថកិច្ចបញ្ជាក់ថាមូលហេតុមកពីអ្នកបើកបររថយន្តម៉ាកNissan ពណ៌ត្រេអុី ពាក់ស្លាកលេខ ខេមរភូមិន្ទ០២-៧៦៤៩មិនគោរពភ្លើងសញ្ញា(ស្តុប) ៕ ឆ ដា