ខេត្តព្រះសីហនុ៖ មនុស្សប្រុស ស្រីវយ័ចំណាស់២នាក់ភាគីខាងម៉ូតូ បានស្លាប់ទាំង២នាក់ដោយរថយន្តកិនពីលើ នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចប៉ែកខាងលើ ហួសស្ពានទឹកសាប ក្នុងស្រុកព្រៃនប់ ចន្លោះគីឡូម៉ែត្រ ២០៣-២០៤ ស្ថិតនៅក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង ៣រសៀលថ្ងៃ៣០ ធ្នូ ២០១៨ ។
សមត្ថកិច្ចនគរបាលបញ្ជាក់តាមរបាយការណ៍ថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាង ម៉ូតូ ០១គ្រឿងម៉ាក HONDA WAVE ពណ៌ ខ្មៅ គ្មានស្លាក លេខ អ្នកបើកបរឈ្មោះ តា ចា ភេទ ប្រុស អាយុ ៥៨ឆ្នាំ មានអ្នករួមដំណើរម្នាក់ឈ្មោះ មល ស្រីពៅ ភេទ ស្រី អាយុ ៥៨ឆ្នាំ អ្នកទាំងពីរ មុខរបរ លេងភ្លេងខ្មែរ មានទីលំនៅសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ មានទិសដៅចូលមកក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ ម៉ូតូធ្លាក់ចិញ្ចើមផ្លូវអ្នកបើកម៉ូតូបានទាញចង្កូតឡើងមកលើផ្លូវវិញ បណ្ដាលឲ្យម៉ូតូដួលមកលើផ្លូវជាតិ រួចត្រូវបានរថយន្តដឹកដីខ្សាច់ ០១គ្រឿងមកដល់ក៏កិនពីលើតែម្ដង ។
រថយន្តម៉ាក HYUNDAI ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3E-2745 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ មានទិសដៅស្របគ្នា ក្នុងនោះអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
រីឯវត្ថុតាង រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕ ឆ្លាម សមុទ្រ