បញ្ហាបទល្មើសនេសាទនៅបឹងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេស ស្រុកកណ្តៀង ស្ថិតក្រោមការចាត់ចែងរបស់បុរសម្នាក់ឈ្មោះ ហួន ធី ដែលមានលំនៅឋាននៅលើផ្ទសទឹក ក្នុងភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ បទល្មើសនៃការប្រើអួនហ៊ុំដោយទូកកាណូតមានម៉ាស៊ីនបួនឡើងទៅ ស្ថិតនៅក្រោមការចាត់ចែងរបស់លោក ហួន ធី ។ អ្នកដែលមានបទល្មើសបែបនេះ ត្រូវមកទាក់ទងលោក ហួន ធី ហើយលោកហួន ធី ទាក់ទងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តពោធិ៍សាត់ ។
ថ្មីៗនេះ បទល្មើសនេសាទនៃការអួសអួនហ៊ុំ ដោយប្រើកាណូត មានម៉ាស៊ីន៤ ឬ៦គ្រឿង ចាប់ផ្តើមធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ សកម្មភាពទាំងនោះ ធ្វើឡើងដោយឆក់កណ្តៀត នៅគ្រាដែលសមត្ថកិច្ចមិនទាន់ទទួលយកការសម្របសម្រួលណាមួយពីបុរសឈ្មោះ ហួន ធី នៅឡើយ ។ គេខ្សឹបថា សមត្ថកិច្ចគ្រប់ផ្នែក មានរដ្ឋបាលជលផល រួមទាំងមន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តពោធិ៍សាត់ផង ដាក់តម្លៃខ្ពស់ណាស់ សម្រាប់បទល្មើសនៃនេសាទនៃការអូសអួនហ៊ុំ ដែលប្រើទូកម៉ាស៊ីនចាប់ពី៤គ្រឿងទៅ៦គ្រឿង ។ យ៉ាងណាក៏ដោយ នៅគ្រាដែលបទល្មើសច្បាប់ផ្តើម ការសម្របសម្រួលណាមួយក៏បានចាប់ផ្តើមដែរ ប៉ុន្តែការត្រូវរ៉ូវគ្នាក្នុងកម្រិតណា មិនទាន់ច្បាស់លាស់នៅឡើយ ។
បើតាមប្រភពបានឲ្យដឹងថា បទល្មើសនេសាទនៃការអូសអួនហ៊ុំ បង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរចំពោះមច្ឆជាតិ ។ អួនមួយខ្សែៗចម្ងាយរាប់សិបគីឡូម៉ែត្រ ។ ពួកគេអូសយកមច្ឆជាតិគ្មានសល់សូម្បីកូនត្រីតូចមួយ ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្តពោធិ៍សាត់បានកំណត់មិនឲ្យមានការអូសអួនដោយប្រើទូកម៉ាស៊ីនបួន ឬ៦គ្រឿងនោះឡើយ ។ ផ្ទុយទៅវិញ បទបញ្ជានោះ ច្រើនឆ្នាំមកហើយ មិនឃើញមានប្រសិទ្ធភាពទេ ថែមទាំង មានបទល្មើសកាន់តែច្រើនទៅវិញ ។ ពួកឈ្មួញដែលដឹកនាំដោយបុរសឈ្មោះ ហួន ធី មិនខ្លាចនឹងចំណាយប្រាក់ចំពោះការកសាងបទល្មើសបំពានច្បាប់នេះឡើយ ។គេរាយការណ៍ថា បទល្មើសអួនហ៊ុំដែលប្រើទូកម៉ាស៊ីនធំៗ ត្រៀមចាប់ដំណើរការហើយ ៕