ខេត្តសៀមរាប៖ មនុស្ស២នាក់បានស្លាប់ និងរថយន្ត៣គ្រឿងបានខូចខាត ដោយសារហេតុការណ៍រថយន្តដឹកដីបុកគ្នា និងបណ្តាលឲ្យខូចខាតរថយន្ត៣គ្រឿង ម៉ូតូ១គ្រឿង ។
ហេតុការណ៍នេះកើតឡើងនៅវេលាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ នៅផ្លូវជាតិលេខ៦ ភូមិអង្ក្រង ឃុំកន្ទ្រាំង ស្រុកបាគង ខេត្តសៀមរាប ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដឹកដីមួយគ្រឿងដឹកដីពេញ ពាក់ស្លាកលេខ ចង្កូតស្តាំ PP 0272 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ពីកើត ទៅលិច ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងទៀត (គ្មានដឹកដី) ពាក់ស្លាកលេខ ភ្នំពេញ 3A.4963 បើកពីលិចមកើត វ៉ាក់នឹងម៉ូតូហុងដា សេ ១២៥ មួយគ្រឿងទើបបើកចេញពីចាក់សាំងនៅស្ថានីយប្រេងសាំងក្បែរនោះ ឆ្លងថ្នល់មកពីលិចទៅកើត ធ្វើឲ្យរថយន្តគ្មានដឹកដីនោះបុកម៉ូតូ រួចរេចង្កូតទៅបុករថយន្តដឹកដីពេញ មកពីកើត បណ្តាលឲ្យក្រឡាប់ពីលើម៉ូតូស្លាប់បុរសពីរនាក់ និងរបួសអ្នកបើកបររថយន្តដឹកដីម្នាក់ និងបុកផ្ទប់រថយន្តតូយ៉ូតា កាមរីគូថស្វិត ១គ្រឿងទៀត តែគ្មានអ្នករងរបួសនោះទេ អ្នកនៅក្នុងរថយន្តនេះ ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ៕