យោងតាមហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា ប្រធានសមូហភាព សហជីព ចលនាកម្មករ បានឲ្យដឹងថា លោក ស្រៀង ណារិទ្ធ ទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានឋានៈស្មើនឹងអគ្គនាយក ហើយក៏ជាប្រធានសហព័ន្ធសហជីពសេដ្ឋកិច្ចកម្មករកម្ពុជា បានប្រើប្រាស់តួនាទីមកកាងឲ្យក្រុមហ៊ុន ប្រេស្ទិច ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងស្រុកកណ្តាលស្ទឹង ។ ការប្រើប្រាស់តួនាទីនៅក្នុងអង្គភាពរដ្ឋទៅកាងឲ្យថៅកែរោងចក្រដើម្បីទប់ស្កាត់ការទាមទាររបស់កម្មករ កម្មការិនី គឺជាការរំលោភច្បាប់របស់កម្ពុជា ។
លោកប៉ាវ ស៊ីណា បាននិយាយថា ដោយសារហេតុផលនេះហើយទើបការតវ៉ារបស់កម្មករ-កម្មការិនី គ្មានមន្ត្រីណាចុះមកអន្តរាគមន៍ទាល់តែសោះ ។ លោកប៉ាវ ស៊ីណា បានផ្តល់នូវក្តីរំពឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវរៈនឹងមានចំណាត់ការទៅលើលោក ស្រៀង ណារិទ្ធ ហើយស្វែងរកដំណោះស្រាយជូនកម្មករ -កម្មការិនីឲ្យបានឆាប់ដើម្បីឲ្យពួកគេត្រឡប់ចូលធ្វើការវិញ ។ ការតវ៉ារបស់ក្រុមកម្មករកាលពីសប្តាហ៍មុន មិនទាន់ទទួលបានដំណោះស្រាយណាមួយនោះទេ នៅគ្រាដែលលោក ប៉ាវ ស៊ីណា អះអាងថា ខាងសហជីពរបស់លោក ស្រៀង ណារិទ្ធ ឈរនៅខាងថៅកែរោងចក្រ ហើយដាក់ការគាបសង្កត់មកលើកម្មករ ។
បើតាមប្រភពបានឲ្យដឹងថា វាជារឿងផលប្រយោជន៍របស់មេសហជីពមួយខាងលើនេះ ដែលឈរនៅខាងថៅកែរោងចក្រ ដូច្នេះក្រុមកម្មករ ដែលតវ៉ាត្រូវគេអះអាងថា ជាអ្នកដែលតវ៉ាគ្មានក្បាលគ្មានកន្ទុយ ។ ប៉ុន្តែបើតាមលោក ប៉ាវ ស៊ីណា ការតវ៉ារបស់កម្មករ កើតឡើងដោយសារតែការគាបសង្កត់និងការមិនគោរពច្បាប់របស់ថៅកែរោងចក្រ ។ ដូច្នេះ សហជីពត្រូវមានតួនាទីជួយដល់កម្មករ មិនមែនចាំសង្កត់កម្មករយ៉ាងដូច្នោះទេ ។ រឿងរ៉ាវខាងលើនេះត្រូវគេអះអាងថា វាជាបញ្ហាផលប្រយោជន៍ដែលសហជីពមួយចំនួនទទួលបានពីថៅកែរោងចក្រ ហើយដាក់ការគាបសង្កត់មកលើកម្មករ ។ ករណីនេះ គេជឿថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈក្រឡេកមើលសហជីពដែលមានតួនាទីជាទីប្រឹក្សាក្រសួងហើយឈរអែបខាងថៅកែរោងចក្រនោះផង ៕