ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហា​ដោះមិនចេញ

ចែករំលែក៖

នៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ​ក្នុងសហគមន៍របស់នាងខ្ញុំ ក្នុងខណ្ឌទួលគោក សំរាម​នៅតែចោទជាបញ្ហា​ដោយសារថា មិនឃើញរថយន្តមកប្រមូល​តាមការកំណត់របស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ នាងខ្ញុំត្រូវបង្ខំចិត្តទុកសំរាម​យូរថ្ងៃនៅក្នុងផ្ទះ ដែលបណ្តាលឲ្យវាកើតទៅជាដង្កូវ ស្អុយរលួយ​ពេញផ្ទះដកដង្ហើមមិនរួច ។ ករណីនេះ តើអាជ្ញាធរ​គួរផាក​ពិន័យក្រុមហ៊ុនប្រមូលសំរាមដែលមិនបានចុះមកប្រមូល​ឲ្យទៀងទាត់តាមការកំណត់ដែរឬទេ? តាមពិត មិនមែនតែ​ផ្ទះនាងខ្ញុំនោះទេ ដែលសំរាមគរទុកយូរថ្ងៃ បង្កឲ្យជះក្លិនអសោចិ៍នោះ ។ នៅក្បែរៗផ្ទះនាងខ្ញុំ​ ពោលគឺនៅក្នុងសហគមន៍នោះតែម្តង ក៏មាន​ករណីដូចគ្នានេះដែរ ។

នាងខ្ញុំមិនដឹងថា តើត្រូវដោះស្រាយយ៉ាងណានោះទេ បញ្ហាសំរាមនេះ ។ តើនាងខ្ញុំអាចដឹកសំរាម​តាមម៉ូតូយកទៅចោល​នៅគំនរ​សំរាមឯខណ្ឌដង្កោបានដោយខ្លួនឯងឬទេ? មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដទៃទៀត ដែលកំពុង​ជួបវិបត្តិកកស្ទះសំរាមនៅក្នុងផ្ទះ អាចយកទៅចោលនៅទីលានចាក់សំរាម​បានដែរឬទេ? ។ ការរង់ចាំក្រុមហ៊ុនប្រមូលសំរាម កាន់តែយូរថ្ងៃទៅ ធ្វើឲ្យសំរាមនៅក្នុងផ្ទះស្អុយរលួយ ពិបាកដកដង្ហើម ។ អាជ្ញាធរនៅក្នុងមូលដ្ឋានរបស់នាងខ្ញុំ មិនមានលទ្ធភាព​ដើម្បីនឹង​ជំរុញឲ្យក្រុមហ៊ុនប្រមូលសំរាមចុះមកប្រមូលឲ្យបានទៀងទាត់នោះឡើយ ។ រីឯបញ្ហាប្រាក់កាស​ត្រូវបានបង់​ជាទៀងទាត់ដែលភ្ជាប់ជាមួយអគ្គិសនីកម្ពុជា ។ ប៉ុន្តែការប្រមូលសំរាមមិនបានទៀងទាត់នោះឡើយ ។ ការដែលប្រជាពលរដ្ឋយកសំរាមទៅចោលផ្តេសផ្តាស់ នឹងត្រូវប្រឈមចំពោះការផាកពិន័យ​ជាមិនខាន ។ នៅ​ចន្លោះ​នៃការផាកពិន័យ និងការដែលក្រុមហ៊ុនមិនមកប្រមូលសំរាមនោះ វាគឺជាកង្វល់របស់ប្រជាពលរដ្ឋ ដែល​សំរាមកំពុងវិវឌ្ឍន៍ទៅជាដង្កូវវារពេញផ្ទះ ។

ពាក្យសម័យនិយមបច្ចុប្បន្ន គេតែងនិយាយថា «យល់ពីអារម្មណ៍មួយនេះទេ» នាងខ្ញុំចង់សួរអាជ្ញាធរខណ្ឌ និងក្រុងថា តើ​យល់ពីអារម្មណ៍ប្រជាពលរដ្ឋ ដែលមាន​សំរាមគរនៅក្នុងផ្ទះ នៅគ្រាដែលក្រុមហ៊ុនប្រមូលសំរាមមិនមកដឹកនោះទេ? តើវាជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋ? អាជ្ញាធរ ឬក្រុមហ៊ុន ។ បើនិយាយពីរថយន្តប្រមូលសំរាមនោះទៀតសោត គឺមិនសមជាអ្នកសំអាតទីក្រុងទេ ។ កាលពីសប្តាហ៍មុន ពេលដែលនាងខ្ញុំជិះម៉ូតូដឹកកូនតាមបណ្តោយផ្លូវលេខ៥៩៨ ក្បែរស្ពាន​អាកាស​៧មករា សំរាមប៉ើងហុយចេញពីរថយន្តដឹកសំរាម ហើយនៅពេលឈប់រង់ចាំភ្លើងស្តុបក្រោមស្ពានអាកាស​នោះ ទឹកសំអុយហូរចេញពីរថយន្ត​ដាបនៅលើផ្លូវកៅស៊ូ ដែលយូរម៉ោងទើប​អស់សំអុយនោះ ប៉ុន្តែវានៅតែជះក្លិនស្អុយដដែល ។

នាងខ្ញុំគិតថា នេះជាបញ្ហាតូចតាចប៉ុណ្ណោះ ប៉ុន្តែអាជ្ញាធរហាក់ដូចជាដោះស្រាយ​ឲ្យមានប្រសិទ្ធភាពនោះឡើយ បញ្ហាជំរុញល្បឿននៃការកំណត់ម៉ោងពេលសម្រាប់រថយន្តមកដឹកសំរាមគឺជា​បញ្ហាមួយ រីឯបញ្ហា​រថយន្តប្រមូលសំរាម គ្មានអនាម័យ និងមិនមានស្តង់ដារ​ត្រឹមត្រូវគឺជាបញ្ហាមួយទៀត ។ ការចំណាយទៅលើបញ្ហានេះ ទំនងជា​មិនអស់ដើមទុនធំប៉ុន្មានទេ ដូច្នេះ គួរតែអាជ្ញាធរ​ជួយដោះស្រាយ បញ្ហាជូនប្រជាពលរដ្ឋ​ផង ។ ត្រូវដឹងអំពី អារម្មណ៍នៃការដែលសំរាមគរនៅក្នុងផ្ទះ ហើយវាកំពុងវិវឌ្ឍន៍​ក្លាយទៅជាដង្កូវនោះផង ។ សម្រាប់នាងខ្ញុំ បើការ​ណ៍នេះ វាជាកំហុសរបស់ប្រជាពលរដ្ឋ គួរអាជ្ញាធរជួយចាត់វិធានការ​និងអប់រំផង ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖